ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង៖ សហប្រតិបត្តិការថ្នាំវ៉ាក់សាំង ស្ថិតនៅលើរបៀបវារៈសម្រាប់ ជំនួបកំពូលជាមួយលោក បៃដិន

បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នៅថ្ងៃចន្ទនេះ បានមានប្រសាសន៍ប្រាប់ថា លោកនឹងប្រើប្រាស់ដំណើរទស្សនកិច្ច របស់លោកទៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ ជាឱកាសមួយដើម្បីបង្កើនការផ្គត់ផ្គង់ ថ្នាំវ៉ាក់សាំងរបស់ប្រទេស ស្របពេលដែលកូរ៉េខាងត្បូង ស្វះស្វែងបង្កើនការចាក់ថ្នាំវ៉ាក់សាំង។

នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយជំនួយមួយរបស់លោក ជាមួយជំនួយការជាន់ខ្ពស់ លោក មូន ជេអ៊ីន បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនឹងចាប់យកការធ្វើដំណើរ ទស្សនកិច្ចទៅសហរដ្ឋអាមេរិកនេះ ឲ្យជាឱកាសមួយ ដើម្បីពង្រឹងសហប្រតិបត្តិការថ្នាំវ៉ាក់សាំង និងដើម្បីក្លាយជាមជ្ឈមណ្ឌលពិភពលោក សម្រាប់ការផលិតថ្នាំវ៉ាក់សំាង”។

លោកប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ តាមសេចក្តីរាយការណ៍ គ្រោងធ្វើដំណើរទៅជួបជាមួយ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន នៅក្នុងទីក្រុងវ៉ាស៊ីនតោននាថ្ងៃសុក្រសប្ដាហ៍នេះ ដែលជាជំនួបផ្ទាល់ជាលើកដំបូង រវាងមេដឹកនាំទាំងពីរ។

គួរបញ្ជាក់ថា លោក មូន ជេអ៊ីន បានប្តេជ្ញាទិញថ្នាំវ៉ាក់សាំងកូវីដ១៩ឲ្យគ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ប៉ុន្តែនាពេលថ្មីនេះ បានប្រឈមមុខនឹងការយឺតយ៉ាវ ក្នុងការទទួលបានថ្នាំវ៉ាក់សាំង ដោយថ្នាំវ៉ាក់សាំងភាគច្រើន បញ្ជូនមកនៅឆមាសទី២នៃឆ្នាំនេះ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top