តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ថា រដ្ឋមន្រ្តីក្រសួង ការបរទេសជប៉ុន បានព្រមាន នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃសុក្រថា ក្រុងតូក្យូ អាចបង្កក ជំនួយទាំងអស់ ដល់មីយ៉ាន់ម៉ា ខណៈដែលរបបយោធា នៅតែបន្តប្រើប្រាស់កម្លាំង ដ៍សាហាវប្រឆាំងនឹងគូប្រជែង នៃរដ្ឋប្រហាររបស់ខ្លួន ។
ប្រទេសជប៉ុន គឺជាអ្នកផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ហើយបានផ្អាកជំនួយថ្មីរួចទៅហើយ បន្ទាប់ពីយោធាបាន បណ្តេញមេដឹកនាំស៊ីវិល លោកស្រី អ៊ុងសាន ស៊ូជី ។
ប៉ុន្តែលោក Toshimitsu Motegi ថ្លែងទៅកាន់កាសែត Nikkei ថា ការបង្កកអាចត្រូវបានបន្ថែមទៀត ។
លោកបានប្រាប់ដល់កាសែតខាងលើថា “យើងមិនចង់ធ្វើវាទាល់តែសោះ ប៉ុន្តែយើងត្រូវតែបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា វានឹងពិបាកក្នុងការបន្តស្ថិតនៅក្រោមកាលៈទេសៈទាំងនេះ” ។
ក្នុងនាមជាប្រទេសមួយ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ របស់មីយ៉ាន់ម៉ា តាមវិធីផ្សេងៗគ្នា ហើយក្នុងនាមជាមិត្ត យើងត្រូវតែធ្វើជាតំណាង សហគមន៍អន្តរជាតិ និងបង្ហាញយ៉ាងច្បាស់ពីបញ្ហានេះ ។
យោងតាមសារព័ត៌មាន Nikkei ប្រទេសជប៉ុន បានផ្តល់ជំនួយអភិវឌ្ឍន៍ចំនួន១,៧៤ពាន់លានដុល្លារដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំសារពើពន្ធ២០១៩ ច្រើនជាងប្រទេសដទៃទៀត ដែលមានតួលេខបង្ហាញឲ្យដឹង ។ តួលេខជំនួយរបស់ចិន មិន មែនសម្រាប់សាធារណៈ នោះទេ ។
គួរបញ្ជាក់ថា មនុស្សជាង៨០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេស មីយ៉ាន់ម៉ា នៅក្នុងពេលមានភាពចលាចលចាប់ តាំងពីយោធាបានបណ្តេញលោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា