ព័ត៌មានអន្តរជាតិ

មេដឹកនាំពួកឧទ្ទាមហូធី បដិសេធទណ្ឌកម្ម អាមេរិក និងព្រមានពង្រីក ការវាយប្រហារ

បរទេស៖ មេដឹកនាំមួយរូប របស់ចលនាពួកឧទ្ទាមហូធី ដែលមានសម្ពន្ធភាព ជាមួយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន បានថ្ងៃអាទិត្យនេះ តាមសេចក្តីរាយការណ៍ បានច្រានចោលទណ្ឌកម្មអាមេរិក លើមន្ត្រីពួកសកម្មប្រយុទ្ធ និងបានគម្រាមពង្រីក ការវាយប្រហារថែមទៀត ទៅលើប្រទេសឈ្លានពាននានា ក្រោយទីក្រុងវ៉ាស៊ីនតោន បានជំរុញក្រុមនេះ ឲ្យចូលរួមក្នុងកិច្ចប្រឹងប្រែងសន្តិភាព។

សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្ម លើមន្ត្រីយោធាពួកហូធីពីររូប ដែលដឹកនាំការវាយប្រហារ ដណ្ដើមយកតំបន់ Marib ក្នុងប្រទេសយេម៉ែន ស្របពេលដែលប្រេសិតពិសេសអាមេរិក ទទួលបន្ទុកកិច្ចការយេម៉ែន បានស្នើឲ្យឈប់បង្កភាពតានតឹង និងជំរុញឲ្យមានកិច្ចព្រមព្រៀង បទឈប់បាញ់គ្នា។

គួរបញ្ជាក់ថា ចលនាពួកហូធីនៅយេម៉ែន បាននិងកំពុងធ្វើការប្រយុទ្ធគ្នា ជាមួយកងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត អស់រយៈពេលជាង ៦ឆ្នាំមកហើយ ក្នុងសង្គ្រាមមួយ ដែលសម្លាប់រាប់ម៉ឺននាក់ និងរុញច្រានប្រទេសយេម៉ែន ឲ្យធ្លាក់ចូលក្នុងគ្រោះទុរ្ភិក្ស។

ចលនាពួកហូធី បានបង្កើនការវាយប្រហារ ឆ្លងព្រំដែន ចូលទៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត និងបង្កើនការវាយលុកក្នុងតំបន់សម្បូរប្រេង Marib នៅក្នុងប្រទេសយេម៉ែន ក្រោយទីក្រុងរីយ៉ាដស្នើឲ្យមាន បទឈប់បាញ់គ្នា ទូទាំងប្រទេស ដែលរួមទាំងការបើកឡើងវិញ នូវដែនអាកាសនិងសមុទ្រ ជាប់នឹងតំបន់ពួកហូធី កាន់កាប់ផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top