បរទេស ៖ មន្ត្រីហ្វីលីពីន តាមសេចក្តីរាយការណ៍ បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសហ្វីលីពីន កំពុងតែធ្វើការស៊ើបអង្កេត លើរបាយការណ៍ដែលថា មនុស្សមួយចំនួនបាន និងកំពុងតែលក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដោយខុសច្បាប់ ស្របពេល ដែលរដ្ឋបានរំឭកប្រាប់ដល់សាធារណជនថា ថ្នាំវ៉ាក់សាំងគ្មានការគិតថ្លៃទេ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេប៉ូលិសហ្វីលីពីន លោក Guillermo Eleazar បាននិយាយថា មន្ត្រីអនុវត្តច្បាប់ បានសិក្សាពីសកម្មភាពខុសច្បាប់នានា តាមរយៈសារបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម ជាទីដែលអ្នកលក់ផ្តល់ការណាត់ចាក់ថ្នាំវ៉ាក់សាំង សម្រាប់តម្លៃប្រមាណ១៥.០០០ប៉េសូ ស្មើនឹង៤១៦ដុល្លារ។
ទន្ទឹមនឹងការបញ្ជាឲ្យប៉ូលិសធ្វើការកំណត់មុខសញ្ញានិងចាប់ខ្លួនបុគ្គលទាំងឡាយនៅពីក្រោយគម្រោងការណ៍នោះ លោក Guillermo Eleazar បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការលក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលត្រូវបានផ្តល់ការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ គឺជាទង្វើខុសច្បាប់”។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ដែលមានកំណត់ត្រាឆ្លងមេរោគកូរ៉ូណាចំនួនជាង១លានករណី និងស្លាប់ជិត២០.០០០នាក់នោះ នាពេលថ្មីៗនេះ បានអនុម័តឲ្យប្រើប្រាស់បន្ទាន់ នូវថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន៧ ដែលរួមមានទាំងថ្នាំវ៉ាក់សាំង Sinovac Biotech របស់ចិន និងថ្នាំវ៉ាក់សាំង Pfizer-BioNTech ផង៕
ប្រែសម្រួល៖ប៉ាង កុង