ព័ត៌មានអន្តរជាតិ

ទីក្រុងហាណូយ នឹងអនុញ្ញាតឱ្យភោជនីយដ្ឋាន ទទួលអតិថិជន ចូលមកហូប ក្នុងហាងវិញបាន

" "

បរទេស ៖ អាជ្ញាធរទីក្រុង ហាណូយ បានប្រកាសថា ភោជនីយដ្ឋាន និងហាងកាត់សក់ អាចចាប់ផ្តើម បម្រើអតិថិជន ក្នុងហាងបាន ចាប់ពីថ្ងៃអង្គារនេះតទៅ ។ លោក Chu Xuan Dung អនុប្រធានទីក្រុងហាណូយ បាននិយាយកាលពីថ្ងៃចន្ទថា បណ្តាហាងទាំងនោះត្រូវតែ គោរពតាមគោលការណ៍ ណែនាំបង្ការជំងឺកូវីដ-19 ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា រដ្ឋធានីហាណូយ បានបិទអាជីវកម្ម និងសេវាកម្ម ដែលមិនចាំបាច់ចាប់ពីថ្ងៃទី ២៩ ខែមេសា ដោយចាប់ផ្តើមពីហាងខារ៉ាអូខេ បន្ទាប់មកភោជនីយដ្ឋាន និងហាងកាហ្វេ ហើយក្រោយមករោងកុន កន្លែងហាត់ប្រាណ និងហាងកាត់សក់។

" "

លោក Tran Dac Phu អតីតប្រធាននាយកដ្ឋានទូទៅ នៃថ្នាំបង្ការ នៅក្រសួងសុខាភិបាល បានព្រមានកាលពីថ្ងៃសៅរ៍ថា ការផ្ទុះឡើងនៅតែកើតមាននៅក្នុងប្រទេស ហើយទីក្រុងហាណូយ នៅតែអាចធ្វើឱ្យមានករណី ឆ្លងនៅក្នុងសហគមន៍។

" "

លោកថា “ ដំណើរការបើកឡើងវិញ ចាំបាច់ត្រូវធ្វើដោយ យកចិត្តទុកដាក់ រួមជាមួយការត្រួតពិនិត្យ យ៉ាងម៉ត់ចត់ ។ ទីក្រុងហាណូយបានកត់ត្រា ករណីឆ្លងជំងឺកូវីដ-19 ក្នុងតំបន់ចំនួន ៤៦៥នាក់ នៅក្នុងរលកឆ្លងមេរោគឆ្លង ចុងក្រោយបង្អស់របស់វៀតណាមក្នុងនោះមាន ១៤៨ ករណី ឆ្លងនៅក្នុងមន្ទីរពេទ្យចំនួនពីរ ដែលត្រូវបានរាំងខ្ចប់។

ចាប់តាំងពីថ្ងៃទី ២៧ ខែមេសា ប្រទេសវៀតណាម បានកត់ត្រាការឆ្លងវីរុស ក្នុងសហគមន៍ចំនួន ១០ ០៧៨នាក់ នៅក្នុងទីក្រុងនិងខេត្តចំនួន ៤២ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top