កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ អញ្ជើញពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំងប្រារព្វ សង្រ្កាន្តឆ្នាំថ្មី ២០២២ ក្នុងក្រុងកំពង់ចាម ។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ឆ្នាំ២០២២នេះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរៀបចំទីតាំងប្រារព្វ “សង្រ្កាន្ត កំពង់ចាម” ឆ្នាំថ្មី ដើម្បីចូលរួមអបអរសារ ទរបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ និងការរៀបចំ វឌ្ឍនភាពនៃ”សួនកុមារសន្តិភាព” ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
មន្ត្រីដដែលបានបញ្ជាក់ថា រយៈពេលពីរឆ្នាំកន្លងទៅ ដែលរដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជាបណ្ដាខេត្តទូទាំងប្រទេស អាក់ខានមិនបានរៀបចំឲ្យប្រជាពលរដ្ឋ បានជួបជុំនៅទីសាធារណៈដើម្បីអបអរកំសាន្តសប្បាយរីករាយ ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ ដោយសារតែការរាលដាលនៃជំងឺកូវីដ១៩ ។ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ ដោយប្រជាពលរដ្ឋ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានរួចរាល់ ទើបធ្វើឲ្យជំងឺឆ្លងនេះបានធូរស្បើយឡើងវិញ ។ ដែលប្រការនេះ ធ្វើឲ្យរដ្ឋបាលខេត្តកំពង់ចាម មានឱកាសដើម្បីរៀបចំ ដាក់ភ្លើងលំអរនិងសុភ័ណភាពតាមសួនច្បារផ្សេងៗទៀតដើម្បីឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានជួបជុំនៅទីសាធារណៈដើម្បីកំសាន្តសប្បាយ ក្នុងពេលបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២២ នេះ ៕