ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ព្រះរាជពិធី «រុក្ខទិវា» នាព្រឹកនេះក៏មានការអញ្ជើញចូលរួមពី សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សម្រាប់ រុក្ខទិវា ឆ្នាំ២០២២នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងអាជ្ញាធរខេត្តបាត់ដំបង ដោយបានជ្រើសរើសកំណត់ យកទីតាំងសម្រាប់ប្រារព្ធពិធី រុក្ខទិវា នេះស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលស្ថានីយនេះត្រូវបានបង្កើតឡើង តាមរយៈប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខ២៦៧ ប្រក.កសក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ក្នុងគោលបំណងដាំស្តារព្រៃឈើឡើងវិញ អភិវឌ្ឍន៍ចំណេះដឹងបច្ចេកទេសដាំឈើ បំផុសការចូលរួមដាំឈើ ដើម្បីទប់ស្កាត់ការហូរច្រោះជីជាតិដី កែលម្អគុណភាពដី អភិវឌ្ឍន៍ជីវៈចម្រុះ រួមចំណែកកាត់បន្ថយ ឧស្ម័នផ្ទះកញ្ចក់លើភពផែនដី ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងទ្រទ្រង់សកម្មភាពផ្សេងៗទៀតជាច្រើន សម្រាប់ផលប្រយោជន៍របស់ប្រជាសហគមន៍។
រីឯផ្ទៃដីប្រារព្ធ រុក្ខទិវា នាពេលនេះមានទំហំ ១០ហិកតា នៃផ្ទៃដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ទំហំ ២៦,១៣ហិកតា ហើយកូនឈើដែលត្រូវ យកមកដាំមានដើមធ្នង់ ច្រេស គីនីន គ្រញូង ឈើទាល និងម៉ៃសាក់ សរុបទាំងអស់ចំនួន ១៣ ៩៤០ដើម និងបានត្រៀមកូនឈើ សម្រាប់ដាំជួសមួយចំនួនទៀត៕