កូឡុំបូ៖ ការិយាល័យនាយករដ្ឋមន្ត្រីនៃប្រទេសស្រីលង្កាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កា បានសម្រេចចិត្តលាលែងពីតំណែង ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ដើម្បីបង្កើតរដ្ឋាភិបាលគ្រប់ភាគី។
នៅក្នុងកិច្ចពិភាក្សាដែលធ្វើឡើងជាមួយនាយករដ្ឋមន្ត្រី Ranil Wickremesinghe ក្នុងរដ្ឋធានីកូឡុំបូ រដ្ឋមន្ត្រីទាំងអស់ ដែលបានចូលរួមក្នុងការពិភាក្សាមានមតិថា នៅពេលដែលមានកិច្ចព្រមព្រៀងដើម្បីបង្កើតរដ្ឋាភិបាលគ្រប់ភាគី ពួកគេត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រគល់ការទទួលខុសត្រូវរបស់ពួកគេទៅឱ្យរដ្ឋាភិបាលថ្មី។
ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa កាលពីថ្ងៃសៅរ៍បាននិយាយថា លោកនឹងចុះចេញពីតំណែងនៅថ្ងៃទី១៣ ខែកក្កដា។
កាលពីថ្ងៃសៅរ៍ ក្រុមអ្នកតវ៉ាបានសម្រុកចូលផ្ទះរបស់លោកប្រធានាធិបតី និងការិយាល័យ ហើយផ្ទះរបស់នាយករដ្ឋមន្ត្រីត្រូវបានដុតបំផ្លាញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គួរបញ្ជាក់ថា មេដឹកនាំនយោបាយស្រីលង្កាឥឡូវកំពុងអំពាវនាវឱ្យបង្កើតរដ្ឋាភិបាលគ្រប់ភាគី ដើម្បីនាំប្រទេសទៅមុខបន្ដទៀត៕ប្រែសម្រួល ឈូក បូរ៉ា