ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ក្នុងចន្លោះពីថ្ងៃទី១០-១៣សីហា កម្ពុជា នឹងរងឥទ្ធិពលសម្ពាធទាប ធ្វើឲ្យមានភ្លៀងពីតិចទៅបង្គួរលាយឡំ បាតុភូតផ្គរ រន្ទៈ និងខ្យល់កន្ត្រាក់ ក្នុងនោះខេត្តព្រះសីហនុ និងកោះកុង អាចប្រឈមជំនន់ទឹកភ្លៀង ដូច្នេះប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង បានឲ្យដឹងថា កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ( ITCZ ) អូសបន្លាយកាត់លើភាគខាងជើងប្រទេសថៃ , ឡាវ , វៀតណាម រួមជាមួយនឹងឥទ្ធិពលព្យុះទី៧ ឈ្មោះមូឡេន ( MULAN ) មានដំណើរឆ្ពោះទៅភាគខាងជើងវៀតណាម នៅថ្ងៃ ១១ សីហា ។ នៅអំឡុងពេលនោះដែរ ខ្យល់មូសុងនិរតី បន្តបក់ខ្លាំងមកលើតំបន់មាត់សមុទ្រ។ បន្ទាប់ពីនោះ កម្ពុជាទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ។
ក្រសួងលើកឡើងថា ស្ថានភាពបែបនេះ ធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងនោះអាចភ្លៀងបង្គួរដោយអន្លើ លាយឡំ និងលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ចំណែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយ ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។
ដោយឡែក តំបន់មាត់សមុទ្រ ក្នុងចន្លោះថ្ងៃ១០-១២ សីហា នឹងអាចមានភ្លៀងធ្លាក់ច្រើនដែលជាហេតុធ្វើឲ្យផ្នែកមួយចំនួន ក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ។ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងខ្យល់បក់បោកខ្លាំង និងមានរលកសមុទ្រខ្ពស់ ។ បន្ទាប់ពីនោះភ្លៀងនឹងថមថយ មកក្នុងកម្រិតពីតិចទៅមធ្យម ៕