បរទេស៖ ទីក្រុងសេអ៊ូល និងទីក្រុងប្រ៊ុចសែល គួរតែសម្របសម្រួលការឆ្លើយតប ចំពោះកញ្ចប់ឧបត្ថម្ភធនទ្រង់ទ្រាយធំ ដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិក, នេះបើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក Dukgeun Ahn បាននិយាយកាលពីថ្ងៃសុក្រ នៅក្នុងបទសម្ភាសន៍ជាមួយ EURACTIV ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ច្បាប់កាត់បន្ថយអតិផរណា (IRA) ដែលជាគម្រោងការពារអាកាសធាតុ និងការវិនិយោគសង្គមតម្លៃ ៤៣០ ពាន់លានដុល្លារ ដែលត្រូវបានអនុម័តដោយសភាអាមេរិក ក្នុងខែសីហា ត្រូវបានរៀបចំឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា និងកាត់បន្ថយតម្លៃថាមពល ក៏ដូចជាការដោះស្រាយការប្រែប្រួលអាកាសធាតុ។
ទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះក៏រួមបញ្ចូលផងដែរនូវការឧបត្ថម្ភធនដ៏ធំ សម្រាប់រថយន្តអគ្គិសនី និងអាគុយដែលផលិតដោយសហរដ្ឋអាមេរិក ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងថា ក្រុមហ៊ុនផលិតនៅអឺរ៉ុប និងកូរ៉េខាងត្បូងនឹងមានការខកចិត្តយ៉ាងខ្លាំង។
លោក Ahn បាននិយាយថា កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបគួរតែធ្វើការរួមគ្នា ដើម្បីបង្កើតការឆ្លើយតបទៅនឹង IRA ដែលត្រូវបានអនុម័តដោយសភាកាលពីខែសីហា។ សហភាពអឺរ៉ុបជឿថា ច្បាប់នេះបំពានច្បាប់ប្រកួតប្រជែង ព្រោះវាផ្តល់ការលើកទឹកចិត្ត សម្រាប់អ្នកទិញរថយន្តអគ្គិសនីរបស់អាមេរិក។
លោក Ahn បានស្នើឱ្យ EU និងកូរ៉េខាងត្បូង អាចធ្វើការជាមួយរដ្ឋបាលសហរដ្ឋអាមេរិក “ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរើសអើងនៃ IRA” ដែលផ្តល់នូវការបន្ធូរបន្ថយពន្ធដ៏សប្បុរស សម្រាប់ក្រុមហ៊ុនអាមេរិក ដែលវិនិយោគលើថាមពលស្អាត និងការឧបត្ថម្ភធនសំខាន់ៗ សម្រាប់រថយន្តអគ្គិសនីក្នុងស្រុក អាគុយ និងគម្រោងថាមពលកកើតឡើងវិញ៕ ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
