សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថា យោធាទីក្រុងសេអ៊ូលបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួន២គ្រាប់ នៅថ្ងៃសុក្រនេះ ដែលជាការបាញ់សាកល្បងអាវុធ នុយក្លេអ៊ែរ ចុងក្រោយបង្អស់ ដែលប្រឆាំងនឹងការដាក់ ទណ្ឌកម្មនាពេលថ្មីៗនេះ ។
គួររំលឹកថា ការបាញ់នេះ គឺមានរយៈពេល១ឆ្នាំ នៃការសាកល្បង ដែលមិនធ្លាប់មានពីមុនមក ដោយកូរ៉េខាងជើង រួមទាំងការបាញ់បង្ហោះ មីស៊ីលផ្លោងអន្តរទ្វីបកម្រិតខ្ពស់បំផុតរបស់ខ្លួនកាលពីខែមុន ការសាកល្បងអ្វី ដែលទីក្រុងព្យុងយ៉ាង បានលើកឡើងថា ជាម៉ាស៊ីនរ៉ុក្កែតថ្មីកាលពីសប្តាហ៍មុន ហើយអះអាងថា នៅក្នុងសប្តាហ៍នេះ ខ្លួនបានបង្កើត សមត្ថភាពថ្មីដើម្បីទទួលយករូបភាពពីលំហ ។
នាយសេនាធិការចម្រុះកូរ៉េខាងត្បូង បានឲ្យដឹងថា “យោធារបស់យើង បានប្រទះឃើញមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់ ដែលកូរ៉េខាងជើងបាញ់ បានចូលទៅក្នុងសមុទ្រខាងកើតពីតំបន់ Sunan នៃទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល១៦និង៣២នាទី ត្រូវនឹងម៉ោង៧និង៣២នាទី ម៉ោងសកលនាថ្ងៃនេះ” ។ កន្លែងគ្រាប់ដែលបានធ្លាប់នោះ ត្រូវបានគេស្គាល់ផងដែរ ថាជាសមុទ្ររបស់ជប៉ុន ។
សេនាធិការដដែលបានបញ្ជាក់ថា “យោធារបស់យើងរក្សាជំហរត្រៀម ខ្លួនពេញលេញ ខណៈដែលសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ខណៈដែលពង្រឹងការឃ្លាំមើល និងការប្រុងប្រយ័ត្ន” ។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមានជាច្រើនខែថា ក្រុងព្យុងយ៉ាង កំពុងរៀបចំធ្វើតេស្តនុយក្លេអ៊ែរលើកទី៧របស់ខ្លួន ។
ប្រទេសទាំង២បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាមួយកាលពីថ្ងៃអង្គារ ហើយបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H របស់អាមេរិកទៅកាន់ឧបទ្វីបកូរ៉េ ។ នេះបើយោងតាមអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបានបញ្ជាក់យ៉ាងដូច្នេះ ។
យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ រយៈចម្ងាយឆ្ងាយគឺជាផ្នែកមួយ នៃសមយុទ្ធដែលរួមបញ្ចូលយន្តហោះ ទំនើបបំផុតរបស់ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមទាំងយន្តហោះ F-22 និងយន្តហោះចម្បាំង បំបាំងកាយ F-35 ផងដែរ ៕