ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានសហការជាមួយដៃគូអភិរក្ស ទូទាំងប្រទេសកម្ពុជា ប្រកាសជាផ្លូវការនូវ យុទ្ធនាការ «តោះនិយាយពី ការទុកដាក់សំរាម»។ យុទ្ធនាការនេះ ឧបត្ថម្ភដោយ ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ក្នុងគោលបំណងលើកទឹកចិត្ត ប្រជាជនកម្ពុជា បញ្ឈប់ការចោលសំរាម មិនត្រឹមត្រូវ បញ្ឈប់ការដុតសំណល់ប្លាស្ទិក និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមមួយ របស់ស្ថានទូតក្រោយបញ្ចប់ពិធីប្រកាសជាផ្លូវការ យុទ្ធនាការផ្លាស់ប្តូរឥរិយាបថសង្គម ស្តីពីការបញ្ឈប់ការចោលសំរាមមិនត្រឹមត្រូវ ដែលបានធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា មានខ្លឹមសារថា គម្រោងអនាគតបៃតងUSAID បានដឹកនាំយុទ្ធនាការ «តោះនិយាយពី ការទុកដាក់សំរាម» ដោយលើកទឹកចិត្ត ប្រជាជនកម្ពុជា ឱ្យផ្លាស់ប្តូរឥរិយាបថ និងសកម្មភាព ឆ្ពោះទៅរកក្នុងការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ។ យុទ្ធនាការនេះនឹង ចែកចាយខ្លឹមសារ និងសារគន្លឹះតាមរយៈប្រព័ន្ធ អនឡាញ និងផ្តល់ព័ត៌មាន វិទ្យាសាស្ត្រ ស្តីពីផលប៉ះពាល់នៃការចោលសំរាម ក៏ដូចជាផ្តល់ជូននូវវិធីសាស្រ្តក្នុងការ គ្រប់គ្រងសំរាមនិងសំណល់។ យុទ្ធនាការនេះ នឹងសហការយ៉ាងជិតស្និទ្ធ ជាមួយយុវជនដែលជា «យុវជនបៃតងឆ្នើម» ដើម្បីធ្វើជាគំរូ ក្នុងការផ្លាស់ប្តូរឥរិយាបថ និងការអនុវត្តប្រកបដោយជោគជ័យ។
លោកស្រី Hanh Nguyen នាយិកាស្តីទី ទីភ្នាក់ងារជំនួយអាមេរិក USAID បានលើកឡើងថា «រយៈពេលជាង១០ឆ្នាំមកនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID បានចូលរួមជាថរិកា ១០០លានដុល្លាអាមេរិក ក្នុងការអភិរក្ស ការពារបរិស្ថាន និងធនធានធម្មជាតិ របស់ប្រទេសកម្ពុជា។ យើងមានសេចក្តីរីករាយ ក្នុងការពង្រីកវិសាលភាពការងាររបស់យើង ដើម្បីដោះស្រាយបញ្ហាសំរាម។ ការចោលសំរាមមិនត្រឹមត្រូវ គឺជាបញ្ហាដែលកើត មានគ្រប់ទីកន្លែង រាប់ទាំងនៅសហរដ្ឋអាមេរិកផងដែរ ដែលយើងបានចំណាយថវិកា ប្រហែល ១១.៥ ពាន់លានដុល្លាអាមេរិក ក្នុងមួយឆ្នាំ ក្នុងការសម្អាតសំរាម។ បន្ថែមពីលើការចំណាយ ក្នុងការប្រមូល សម្អាតសំរាម សំរាមក៏ប៉ះពាល់ដល់បរិស្ថាន
តម្លៃអចលនទ្រព្យ សុខភាពមនុស្ស និង សកម្មភាព សេដ្ឋកិច្ចផ្សេងទៀត ផងដែរ»។ លោកស្រីបានបន្ថែម ទៀតថា «បុគ្គលគ្រប់រូប មានតួនាទីសំខាន់ក្នុងការកាត់បន្ថយ ផលប៉ះពាល់ អវិជ្ជមាន ពីការទុកដាក់សំរាមមិនបានត្រឹមត្រូវ។ ខ្ញុំលើកទឹកចិត្តប្រជាជនកម្ពុជាទាំងអស់ ឱ្យនិយាយជាមួយ មិត្តភក្តិនិង សមាជិក គ្រួសាររបស់ខ្លួន និងធ្វើជាគំរូក្នុងការកាត់បន្ថយ ចំនួនសំរាមដែលយើងបង្កើត»។
លោក គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សាឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ប្រជាជនកម្ពុជាគ្រប់ៗរូប មានភារកិច្ចរួមមួយ ក្នុងគាំពារបរិស្ថានដើម្បីការរស់នៅស្អាត ភូមិឋានស្អាតសោភ័ណភាពទីក្រុង និងសុខភាពយើងទាំងអស់គ្នា។ ក្រសួងបរិសា្ថន អំពាវនាវឱ្យប្រជាជនទាំងអស់ បញ្ឈប់ការចោលសំរាមដោយមិនត្រឹមត្រូវ។ យើងទទូចឱ្យប្រជាជនកម្ពុជា ទូទាំងប្រទេស ទុកដាក់និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ ក្នុងធុងសំរាម និងចូលរួម ក្នុងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ និងវិធានការគ្រប់គ្រងសំរាម ឱ្យមានប្រសិទ្ធិភាព ដើម្បីសម្រេចគោលដៅ កម្ពុជាគ្មានសំរាម»។
លោក គឹម សេត អគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ បានមានប្រសាសន៍ថា «កម្មវិធីដែលរៀបចំដោយក្រុមការងារ គម្រោងអនាគតបៃតងកម្ពុជាUSAID និងក្រុមយុវជន ស័្មគ្រចិត្តបៃតង នៅល្ងាចនេះ គឺបានផ្សារភ្ជាប់ទៅនឹងកម្មវិធីបង្កើនចំណេះដឹងសាធារណៈ តាមរយៈការតាំងពិព័រពណ៍ បញ្ចំងវីដេអូអំពីយុទ្ធនាការ ការសម្តែងមានដូចជា ការច្រៀង ការសម្តែងចម្រៀងជាក្រុម ការសម្តែងល្ខោនយីកេ ជាដើម សុទ្ធតែជាសកម្មភាពផ្សារភា្ជប់ នឹងការលើកកម្ពស់អនាម័យបរិសា្ថន ដែលមិនគ្រាន់តែជាសកម្មភាពទស្សនា និងកំសាន្តសប្បាយប៉ុណ្ណោះទេ ប៉ុន្តែវាជាសារមួយសម្រាប់បញ្ជ្រាបការយល់ដឹង អំពីសារៈប្រយោជន៍ នៃការគ្រប់គ្រង និងការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ ទៅដល់សាធារណៈជនគ្រប់ស្រទាប់ និងបង្ហាញដល់យុវជនទាំងអស់ និងប្រជាពលរដ្ឋទូទៅ អំពីការមិនបោះសំរាម សំណល់រឹងចោលផ្ដេសផ្ដាស ការញែកសំរាម ការកាត់បន្ថយការ ប្រើប្រាស់ថង់ប្លាស្ទិក ការថែរក្សាបរិស្ថាន និងការធើ្វឱ្យទីក្រុងមានភាពបៃតង ស្រស់ស្អាត និងមានផាសុកភាព ក្នុងការរស់នៅរបស់យើងគ្រប់គ្នា»។
ដៃគូយុទ្ធនាការរួមមាន ក្រសួងបរិស្ថាន សាលារាជធានីភ្នំពេញ ក្រុមយុវជន ដៃគូអភិរក្ស និងវិស័យឯកជន។ អ្នកដឹកនាំឧស្សាហកម្មធំៗ ដែលបានផ្តល់ការគាំទ្រ យ៉ាងពេញទំហឹង ដល់យុទ្ធនាការនេះ រួមមាន ក្រុមហ៊ុន HEINEKEN Cambodia, Coca Cola Cambodia, Mekhala Radiant Communications, Unilever Cambodia, Nham24 និង សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា៕