ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់ទំនងជានឹងត្រូវស្លាប់ ដោយសារការកាត់ផ្សាច់ជំនួយរបស់​អង់គ្លេស ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍

រូបភាពពី៖​ AFP

ឡុងដ៌៖ របាយការណ៍មួយបានព្រមានកាលពីថ្ងៃពុធថា ស្ត្រីរាប់ពាន់នាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នឹងស្លាប់ក្នុងការមានផ្ទៃពោះ និងការសម្រាលកូន ដោយសារតែរដ្ឋាភិបាលចក្រភពអង់គ្លេស កាត់បន្ថយថវិកាជំនួយក្រៅប្រទេស។

ស្ត្រីរាប់រយពាន់នាក់ទៀតប្រឈមមុខនឹងការរំលូតកូនដោយមិនមានសុវត្ថិភាព ជាលទ្ធផលនៃការសម្រេចចិត្តកាត់បន្ថយការចំណាយជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់ចក្រភពអង់គ្លេសពី ០,៧ ភាគរយទៅ ០,៥ ភាគរយនៃប្រាក់ចំណូលជាតិសរុបរបស់ប្រទេស។

របាយការណ៍នេះត្រូវបានបោះពុម្ពផ្សាយដោយគណៈកម្មាធិការអភិវឌ្ឍន៍អន្តរជាតិនៃសភា ដែលបង្កើតឡើងដោយអ្នកនយោបាយធ្វើច្បាប់ ដើម្បីពិនិត្យការងាររបស់នាយកដ្ឋានរដ្ឋាភិបាល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍អន្តរជាតិលោកស្រី Sarah Champion បានឲ្យដឹងថា “ភស្តុតាង ដែលបានដាក់ជូនគណៈកម្មាធិការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រាប់យើងថា ការកាត់បន្ថយ ODA របស់ចក្រភពអង់គ្លេស នឹងធ្វើឱ្យមនុស្សបាត់បង់ជីវិត” ។

លោក Champion បានបន្ថែមថា “វាគឺជាចំនួនដ៏ច្រើននៃប្រជាជន ដែលរស់នៅក្នុងភាពក្រីក្រ រងទុក្ខដោយភាពអត់ឃ្លាន ស្ត្រី កុមារី ជនពិការ ដែលនឹងមិនត្រូវបានគាំទ្រដោយការចំណាយជំនួយផ្ទាល់របស់ចក្រភពអង់គ្លេសទៀតនោះទេ ហើយផលវិបាក ដែលពួកគេនឹងប្រឈមមុខ” ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top