ព័ត៌មានជាតិ

កម្ពុជា-តួកគី ចុះ MOU ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការប្រើប្រាស់របៀងដឹកជញ្ជូនអន្តរជាតិ

ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី និងហត្ថលេខីពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គា្ន (MoU) រវាងក្រសួងសាធារណការកម្ពុជា និងក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ តួកគី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់របៀងដឹកជញ្ជូនអន្តរជាតិ។

តំណាងដោយ លោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតរដ្ឋតួកគី ដោយមានការចូលរួមពី លោក-លោកស្រី ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការពាក់ព័ន្ធ។

ពិធីចុះ MOU នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបោះជំហានទៅមុខក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន ការតភ្ជាប់ និងការសម្របសម្រួលនៅតាមច្រករបៀងកណ្តាល និងច្រករបៀង TRACECA ព្រមទាំងប្រែក្លាយប្រទេសទាំងពីរ ទៅជាមជ្ឈមណ្ឌលឡូជីស្ទីកសម្រាប់តំបន់របស់ខ្លួន ដែលកម្ពុជានឹងអាចក្លាយជា Logistics Hub សម្រាប់តំបន់អាស៊ាន ខណៈតួកគីនឹងក្លាយជា Economic Hub សម្រាប់តំបន់អាស៊ីបូព៌ា និងតំបន់អឺរ៉ុប។

ថ្លែងក្នុងអង្គពិធីនាឱកាសនោះ លោក រដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីឯកអគ្គរដ្ឋទូត និង លោក Abdulkadir Uraloğlu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធតួកគី បានផ្តួចផ្តើមគំនិត និងគាំទ្រក្នុងការធ្វើឱ្យពិធីចុះ MoU នេះអាចធ្វើទៅបានយ៉ាងរលូន។

សូមបញ្ជាក់ថា ច្រករបៀងនេះ គឺជាការតភ្ជាប់ដ៏សំខាន់មួយសម្រាប់អាស៊ាន ដែលនឹងផ្តល់ឱកាសសម្រាប់ចរាចរណ៍ និងទំនិញនៅអាស៊ី ដើម្បីទៅដល់មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងតំបន់មេឌីទែរ៉ាណេ ដូច្នេះក្នុងនាមជាសមាជិកអាស៊ាន ដែលមានទីតាំងយុទ្ធសាស្ត្រ និងលក្ខខណ្ឌអំណោយផលសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ជាពិសេសតាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម៕

To Top