ព័ត៌មានជាតិ

សហជីព​ ថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា

ភ្នំពេញ៖ ក្រុមសហជីពនៅកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពកងកម្លាំងសមត្ថកិច្ចថៃ ដែលបានឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលជាអំពើដ៏អាក្រក់ និងឃោរឃៅបំផុត។

កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងសមត្ថកិច្ចថៃ ប្រដាប់ដោយដំបង និងខែល ព្រមទាំងឧបករណ៍ផ្សេងៗជាច្រើន បានធ្វើសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដីដែលពួកគេបានព័ទ្ធរបងលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានន័យ ដែលជាអំពើឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនបំផុត តាមរយៈការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា សង្កេតឃើញថា យោថៃ បានរំលោភបទឈប់បាញ់ម្ដងហើយម្ដងទៀតជាមួយកម្ពុជា ហើយមិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ យោធាថៃ បានបន្តឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងកំរោល និងយ៉ាងគឃ្លើនថែមទៀត។ លោកចាត់ទុកទង្វើចូលមកទន្ទ្រាន និងឈូសឆាយមកលើទឹកដីកម្ពុជា គឺជាអំពើដ៏អាក្រក់ និងឃោរឃៅបំផុត ហើយក៏ជាការរំលោភទាំងសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ថែមទៀត។

លោក សំ សឿន បានថ្លែងថា «យើងខ្ញុំសូមថ្កោលយ៉ាងខ្លាំង ចំពោះទង្វើដ៏អាក្រក់របស់យោធាថៃ ដែលបានមករំលោភបំពានម្ដងហើយម្ដងទៀត មកលើទឹកដីកម្ពុជាជាពិសេសគឺនៅក្នុងតំបន់ភូមិជោគជ័យ និងព្រៃចាន់ ដែលជាលំនៅឋានរបស់ប្រជាពលរដ្ឋកម្ពុជារស់នៅអាស្រ័យផល រាប់ទសវត្សមកហើយ»។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានកត់សម្គាល់ដែរថា ភាគីថៃ តែងតែយកលេសឈ្លានពានមកលើទឹកដីរបស់កម្ពុជាម្ដងហើយម្ដងទៀត ជាពិសេសសកម្មភាពរាវមីន និងប្រើគ្រឿងចក្រឈូសឆាយដី នៅភូមិព្រៃចាន់ កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ដែលនេះជាការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយកម្ពុជា។ លោកថ្កោលទោសចំពោះសកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃនេះ ហើយចាត់ទុកថា ជាទង្វើសាហាវព្រៃផ្សៃបំផុត។

លោក គឹម ចាន់សំណាង បានថ្លែងថា «យើងឃើញថា សម្រាប់ភាគីថៃតែងតែយកអាត្រាក់យកមកឈូសឆាយ ហើយមានការបំពងសំឡេងរំខានដល់ប្រជាពលរដ្ឋ ក៏ដូចជាក្មេងតូចៗដែលមិនអាចបានសម្រាកនៅពេលយប់ ហើយនេះជាទង្វើមួយសាហាវព្រៃផ្សៃបំផុត ដែលភាគីថៃតែងតែអនុវត្តមកលើកម្ពុជា»។

គួរឱ្យដឹងថា សកម្មភាពរបស់កងកម្លាំងសមត្ថកិច្ចថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់, រំលោភលើស្មារតីនៃកិច្ចប្រជុំ GBC និង RBC, រំលោភលើអនុស្សរៈនៃការយោគយល់គ្នា ត្រង់ចំណុចទី ២ មាត្រា ៤ នៃ MoU ឆ្នាំ ២០០០ និងរំលោភលើគោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ផងដែរ៕

To Top