ក្រសួងទេសចរណ៍ ដាក់ផែនការមេចំនួន៤ ដើម្បីប្រែក្លាយខេត្តមណ្ឌលគិរី ទៅជាតំបន់អេកូទេសចរលំដាប់អន្តរជាតិ

មណ្ឌលគិរីៈ មិនមែនជាការចៃដន្យឡើយ ដែលក្រសួងទេសចរណ៍ចង់ទាញយកអ្នកទេសចរណ៍រហូតដល់២លាន៩០មុឺននាក់នោះ។ក្រសួងគឺ មានគោលដៅច្បាស់លាស់ និងត្រៀមអភិវឌ្ឍន៍ ទឹកដីខេត្តមណ្ឌលគិរីដ៏ស្រស់បំព្រង អោយប្រែក្លាយទៅជាតំបន់អេកូទេសចរលំដាប់អន្តរជាតិនោះ។ក្រសួងមានគោលដៅច្បាស់លាស់និងបានរៀបចំផែនការជាចក្ខុវិស័យ ចំនួន៤ធំៗឯណោះ រួមទាំងការកំណត់តំបន់ភូមិភាគឦសាននេះអោយទៅជាប៉ូលសេដ្ឋកិច្ចទី៤ថែមទៀតផង ដោយរំពឹងនិងជោគជ័យ ត្រឹមឆ្នាំ២០៣៥។

ការលើកឡើងនេះនូវបន្ទាប់ពីក្រសួងទេសចរណ៍សហការជាមួយអាជ្ញាធរខេត្តមណ្ឌលគិរីបានរៀបចំសិក្ខាសាលាកម្រិតបច្ចេកទេសមួយ ដោយប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១០ខែតុលាឆ្នាំ២០២៥នៅក្រុងសែនមនោរម្យ ដើម្បីបូកសរុបវឌ្ឍនភាពវិស័យទេសចរណ៍ឆ្នាំ២០២១-២០៣៥។

លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រសាសន៍ថា សិក្ខាសាលាកម្រិតបច្ចេកទេសបូកសរុបវឌ្ឍនភាពនៃការអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដើម្បីវាយតម្លៃលើលទ្ធផលការងារសម្រេចបានក្នុងដំណាក់កាលដំបូង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តបន្ត ឆ្ពោះទៅកាន់ចក្ខុវិស័យរយៈពេលវែង (២០២១-២០៣៥)។

លោករដ្ឋលេខាធិការ បន្តថា ផែនការមេនេះត្រូវបានកំណត់ចក្ខុវិស័យសំខាន់ៗចំនួន ៤ ដោយមានគោលដៅច្បាស់លាស់ក្នុងការប្រែក្លាយខេត្តមណ្ឌលគិរី ឱ្យទៅជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ។ ត្រឹមឆ្នាំ២០៣៥ យើងរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ ៩០ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ២លាននាក់ ដែលនឹងបង្កើតការងារប្រមាណ ៨ម៉ឺនកន្លែង និងអាចបង្កើតចំណូលបន្ថែម ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ។អ្វីដែលកាន់តែសំខាន់ គឺផែនការមេនេះនឹងរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យភូមិភាគឦសានក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា បន្ទាប់ពីតំបន់ភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប។ ក្រសួងទេសចរណ៍បានត្រៀមសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តគម្រោងអាទិភាពទាំង ១៦ ក្នុងចំណោមសកម្មភាពអនុវត្តសរុប ១២១គម្រោង ដោយធានានូវការអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ជនជាតិដើមភាគតិច ឱ្យបានម៉ឺងម៉ាត់ ស្របតាមគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌។

លោក ងិន សុវិមាន អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរខេត្តមណ្ឌលគិរី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងទេសចរណ៍ ដែលបានសហការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ដើម្បីពិនិត្យមើលវឌ្ឍនភាពជាក់ស្តែងនៃការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ក្នុងមូលដ្ឋានខេត្ត ។ ការប្រជុំនេះក៏ជាឱកាសដ៏ល្អសម្រាប់លោក-លោកស្រីអភិបាលរងក្រុង-ស្រុកទាំងប្រាំ មន្ទីរជំនាញពាក់ព័ន្ធ និងបងប្អូនអាជីវករទេសចរណ៍ទាំងអស់ ដើម្បីពិភាក្សាផ្លាស់ប្តូរធាតុចូល និងលើកស្ទួយភាពជាម្ចាស់នៃការអនុវត្ត។
អភិបាលរងខេត្តមានប្រសាសន៍បន្តថា ខេត្តមណ្ឌលគិរីបានកំណត់អាទិភាពយុទ្ធសាស្ត្រសំខាន់ៗចំនួន ៦ នៅក្នុងផែនការមេ ។ អាទិភាពទាំងនេះរួមមាន របៀងអេកូទេសចរណ៍នៃដែនជម្រកសត្វព្រៃទាំង៥ របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ ក៏ដូចជាការអភិវឌ្ឍន៍ក្រុងសែនមនោរម្យ ជាបណ្តុំសកម្មភាពទេសចរណ៍ពហុបំណង ។ ទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះក្នុងការធ្វើឱ្យខេត្តយើងអាចសម្រេចបាននូវចក្ខុវិស័យទី១ គឺក្លាយជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ ផ្កា បន្លែ ផ្លែឈើ និងសាច់ ដល់ទីផ្សារក្នុងស្រុក និងនាំចេញ។
អាជ្ញាធរខេត្តប្តេជ្ញាចិត្តរក្សាតុល្យភាពឱ្យបានល្អបំផុតរវាងការអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍ និងការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌជនជាតិដើមភាគតិច ដើម្បីធានាថាផលប្រយោជន៍នៃការអភិវឌ្ឍត្រូវបានចែករំលែកដោយសមធម៌ដល់ប្រជាពលរដ្ឋក្នុងខេត្ត។ យើងជឿជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់ ផែនការមេនេះនឹងជួយឱ្យខេត្តមណ្ឌលគិរីដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ៕
ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល
