លោក ហង់ជួន ណារ៉ុន ៖ ត្រូវពង្រឹងសមត្ថភាពគ្រូ ពាក់ព័ន្ធវិធីសាស្ត្របង្រៀន
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកឧបនាយករដ្ឋមន្ត្រីហង់ជួន ណារ៉ុន បានណែនាំក្រុមការងារចំពោះកិច្ច នៃគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សាទុតិយភូមិ (STEP-UP) ពង្រឹងសមត្ថភាពគ្រូ ពាក់ព័ន្ធនឹងវិធីសាស្ត្របង្រៀន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។
ក្នុងកិច្ចប្រជុំ ស្ដីពីការពិនិត្យរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី៤ ឆ្នាំ២០២៥ នៃគម្រោងវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា សម្រាប់ការអប់រំ មធ្យមសិក្សាទុតិយភូមិ (STEP-UP) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងអប់រំ បានកោតសរសើរ ដល់ក្រុមការងារ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយវឌ្ឍនភាព និងបានផ្តល់អនុសាសន៍ ឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ ចុះទៅពិនិត្យផ្ទាល់ដល់សាលារៀនដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការបង្រៀន បន្តពង្រឹងការអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ ជាពិសេសត្រូវជំរុញ ការរៀបចំជាប្រព័ន្ធទិន្នន័យរួម និងប្រព័ន្ធគ្រប់គ្រងសាលារៀនតែមួយ។

ឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ លើការបន្តពង្រឹងសមត្ថភាពគ្រូពាក់ព័ន្ធនឹងវិធីសាស្ត្របង្រៀន និងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំសៀវភៅណែនាំ និងសៀវភៅជំនួយ ដល់ការបង្រៀនដែលមានស្តង់ដារតែមួយ ការបន្តពង្រឹងការអនុវត្តអភិក្រមសាលារៀនទាំងមូល និងការរៀបចំផែនការ សកម្មភាពគម្រោងជាប្រព័ន្ធរួម ដើម្បីជំរុញប្រសិទ្ធភាពការអនុវត្ត តាមដាន ត្រួតពិនិត្យ និងកែលម្អជាប្រចាំ ធានាឱ្យបាននូវនិរន្តរភាពគម្រោង ក្នុងបុព្វហេតុលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជាប្រកបដោយចីរភាព ។

សូមបញ្ជាក់ថា គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការអប់រំមធ្យមសិក្សាទុតិយភូមិ គឺជាគម្រោងយុទ្ធសាស្ត្រមួយ ដែលគាំទ្រ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីលើកកម្ពស់គុណភាពអប់រំលើមុខវិជ្ជា ៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា នៅកម្ពុជា៕
