បរទេស៖ ស្ថាប័នឃ្លាំមើលការប្រកួតប្រជែងរបស់ចក្រភពអង់គ្លេស បានចាប់ផ្តើមការស៊ើបអង្កេតមួយ ដើម្បីពិនិត្យមើលថាតើក្រុមហ៊ុន Meta កំពុងដាក់ចេញនូវលក្ខខណ្ឌថ្មីដែលមានលក្ខណៈ “កេងប្រវ័ញ្ច” ដែរឬទេ ដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះអាចប្រើប្រាស់មាតិការបស់ស្ថាប័នព័ត៌មាននានា សម្រាប់ផលិតផលរបស់ខ្លួន រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដោយមិនផ្តល់ជម្រើសសមស្របដល់ស្ថាប័នទាំងនោះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។
អាជ្ញាធរប្រកួតប្រជែង និងទីផ្សារ (CMA) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការស៊ើបអង្កេតនេះ នឹងពិនិត្យមើលថាតើ “លក្ខខណ្ឌប្រើប្រាស់” ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ អាច “បង្កផលប៉ះពាល់ដោយអយុត្តិធម៌ដល់ស្ថាប័នបោះពុម្ពផ្សាយព័ត៌មាន និងអាជីវកម្មមាតិកាផ្សេងទៀត” ដែរឬយ៉ាងណា។
CMA បានបញ្ជាក់ទៀតថា លក្ខខណ្ឌថ្មីដែលក្រុមហ៊ុនមេរបស់ Facebook និង Instagram បានគ្រោងនឹងដាក់ឱ្យអនុវត្តនៅថ្ងៃទី២០ ខែវិច្ឆិកា មុនពេលសម្រេចចិត្តផ្អាកទៅវិញនោះ អាចចាត់ទុកថាជាការរំលោភបំពានលើឥទ្ធិពល និងអំណាចគ្រប់គ្រងទីផ្សាររបស់ខ្លួន។ ស្ថាប័នឃ្លាំមើលនេះនឹងកំណត់ថាតើ “Meta កំពុងរំលោភបំពានលើជំហររបស់ខ្លួន តាមរយៈការដាក់ចេញលក្ខខណ្ឌកេងប្រវ័ញ្ច ទៅលើស្ថាប័នបោះពុម្ពផ្សាយ និងអ្នកផ្សាយពាណិជ្ជកម្មឬទេ”។
លក្ខខណ្ឌថ្មីរបស់ Meta អាចនឹងអនុញ្ញាតឱ្យក្រុមហ៊ុននេះ ចូលទៅយកនិងប្រើប្រាស់មាតិកាពីគេហទំព័ររបស់ស្ថាប័នព័ត៌មាន ដើម្បីអភិវឌ្ឍ និងផ្តល់ជូននូវផលិតផលផ្ទាល់ខ្លួនរបស់គេ រួមទាំងមុខងារ AI ផងដែរ។ ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន Meta បានថ្លែងថា៖ “យើងបានប្តេជ្ញារួចហើយថានឹងមិនផ្លាស់ប្តូរលក្ខខណ្ឌរបស់យើង ដោយមិនបានពិគ្រោះយោបល់ជាមួយស្ថាប័នព័ត៌មាន និងភាគីពាក់ព័ន្ធផ្សេងទៀតនោះទេ”។ ពួកគេបានបន្ថែមថា “យើងស្វាគមន៍ចំពោះឱកាសក្នុងការបកស្រាយអំពីគោលការណ៍របស់យើងទៅកាន់ CMA”។
លោកស្រី Sarah Cardell នាយកប្រតិបត្តិ CMA បានមានប្រសាសន៍ថា ដោយសារអាជីវកម្មរាប់ពាន់នៅអង់គ្លេសពឹងផ្អែកលើ Meta ដើម្បីទាក់ទាញអតិថិជន ការដាក់ចេញនូវលក្ខខណ្ឌមិនយុត្តិធម៌អាចជាការរំលោភលើច្បាប់ប្រកួតប្រជែង។ លោកស្រីបានបញ្ជាក់ថា៖ “យើងបានស្តាប់លឺពីក្តីកង្វល់របស់ស្ថាប័នព័ត៌មាន និងអាជីវកម្មផ្សេងៗ ហើយយើងកំពុងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីស៊ើបអង្កេតថាតើការផ្លាស់ប្តូរដែល Meta ស្នើឡើង អាចរំលោភលើច្បាប់ប្រកួតប្រជែងដែរឬទេ”។
ចំណាត់ការរបស់រដ្ឋាភិបាលអង់គ្លេសនេះ ធ្វើឡើងស្របពេលដែលមានចំណាត់ការជាបន្តបន្ទាប់នៅទូទាំងអឺរ៉ុប និងជុំវិញពិភពលោក ប្រឆាំងនឹងការស្នើឡើងនូវវិធានការថ្មី និងការអនុវត្តជាទូទៅរបស់ Meta ក្នុងការប្រើប្រាស់មាតិកាព័ត៌មាន។
គិតចាប់តាំងពីខែឧសភា ឆ្នាំនេះ គេហទំព័រព័ត៌មានក្នុងស្រុក និងថ្នាក់ជាតិជាង ៣៤០ ស្ថាប័ន រួមមានកាសែត The Guardian, The New York Times និង USA Today បានធ្វើការបិទរាំងខ្ទប់ (Block) កម្មវិធីទាញយកទិន្នន័យ (Crawler bots) ដើម្បីការពារកុំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ ប្រមូលទិន្នន័យយកទៅបង្វឹកប្រព័ន្ធ AI របស់ពួកគេ។
នៅក្នុងសប្តាហ៍នេះ តុលាការន័រវេស ក៏បានចេញដីកាហាមប្រាមបណ្តោះអាសន្នមិនឱ្យ Meta អនុវត្តលក្ខខណ្ឌអ្នកប្រើប្រាស់ថ្មីនេះ បន្ទាប់ពីស្ថាប័នព័ត៌មានចំនួន ១០ បានលើកឡើងថា វាអាចនឹងគំរាមកំហែងដល់សិទ្ធិស្របច្បាប់លើមាតិការបស់ពួកគេ។
ដោយឡែកនៅប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ តុលាការឧទ្ធរណ៍បានទាត់ចោលបណ្តឹងរបស់ Meta ដែលព្យាយាមលុបចោលបទបញ្ជាតម្រូវឱ្យខ្លួនចរចាដោយសុចរិតជាមួយប្រព័ន្ធផ្សព្វផ្សាយបារាំង ពាក់ព័ន្ធនឹងការទូទាត់សិទ្ធិអ្នកនិពន្ធ (Rights payments) សម្រាប់ព័ត៌មានដែលត្រូវបានប្រើប្រាស់នៅលើបណ្តាញសង្គមរបស់ខ្លួន។ នៅក្នុងសេចក្តីសម្រេចទាំងពីរ តុលាការឧទ្ធរណ៍ទីក្រុងប៉ារីសបានរកឃើញថា ទង្វើរបស់ Meta បានបង្ក “ផលប៉ះពាល់ធ្ងន់ធ្ងរ និងភ្លាមៗដល់វិស័យសារព័ត៌មាន” នៅប្រទេសបារាំង។
គួរបញ្ជាក់ថា កាលពីខែកក្កដា អាជ្ញាធរនិយតកម្មបារាំង បានបញ្ជាឱ្យក្រុមហ៊ុនមេរបស់ Facebook និង Instagram មួយនេះ “ចរចាដោយសុចរិត” ជាមួយប្រព័ន្ធផ្សព្វផ្សាយបារាំង លើការទូទាត់សិទ្ធិជិតខាង (Neighbouring rights payments) ដែលជាទម្រង់នៃការទូទាត់សិទ្ធិអ្នកនិពន្ធសម្រាប់ការប្រើប្រាស់ព័ត៌មាននៅលើបណ្តាញសង្គម ដោយចាត់ទុកថាទង្វើរបស់ Meta អាចត្រូវបានចាត់ទុកថាជា “ការរំលោភបំពានទីផ្សារ”។ អ្នកនាំពាក្យក្រុមហ៊ុន Meta បានសម្តែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការប៉ារីសនេះ ហើយបញ្ជាក់ថាក្រុមហ៊ុនកំពុងពិចារណាលើជំហានបន្ទាប់។
