សិស្សានុសិស្សបារាំងបិទ ខ្ទប់វិទ្យាល័យរាប់សិបកន្លែង មុនការធ្វើកូដកម្មទូទាំងប្រទេស
បរទេស៖ ការតវ៉ានៅតាមសាលារៀន បានជំរុញឱ្យមានចលនាទូទាំងប្រទេសប្រឆាំងនឹងការកើនឡើងតម្លៃទំនិញ និងសេវាសាធារណៈមិនគ្រប់គ្រាន់ ដែលបានទាក់ទាញមនុស្សរាប់សែននាក់ឱ្យចុះតាមដងផ្លូវ ក្នុងរយៈពេល ៣ ចុងសប្តាហ៍កន្លងមកនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៦ ។
សិស្សានុសិស្សបានបិទខ្ទប់វិទ្យាល័យ រាប់សិបកន្លែងនៅទូទាំងប្រទេសបារាំង ដើម្បីរក្សាសម្ពាធលើរដ្ឋាភិបាល ជុំវិញកំណែទម្រង់វិស័យអប់រំ ខណៈដែលសហជីពពាណិជ្ជកម្មនានា បានរៀបចំសម្រាប់ការធ្វើកូដកម្មទូទាំង ប្រទេសនៅចុងសប្តាហ៍នេះ។
បន្ទាប់ពីត្រឡប់ពីការឈប់សម្រាករដូវស្លឹកឈើជ្រុះរយៈពេលពីរសប្តាហ៍កាលពីថ្ងៃចន្ទ សិស្សមួយចំនួនបានបន្តយុទ្ធនាការតវ៉ារបស់ពួកគេ ដោយអំពាវនាវឱ្យអាជ្ញាធរជួសជុលសាលារៀនដែលទ្រុឌទ្រោម កាត់បន្ថយទំហំសិស្សក្នុងថ្នាក់រៀន និងបង្កើតកន្លែងសិក្សានៅសាកលវិទ្យាល័យឱ្យបានច្រើនបន្ថែមទៀត។
អាជ្ញាធរបានបញ្ជាក់ថា វិទ្យាល័យចំនួន ៤៨ ក្នុងចំណោមវិទ្យាល័យសរុបចំនួន ៣.៧០០ របស់ប្រទេសបារាំង ត្រូវបានបិទខ្ទប់ ដែលរួមមាននៅក្នុងទីក្រុងនានាដូចជា ទីក្រុងប៉ារីស (Paris), រ៉េន (Rennes), ទូលូស (Toulouse) និង លីយ៉ុង (Lyon) ជាដើម។ ប៉ុន្តែ សហជីពសិស្សវិទ្យាល័យ (Union Syndicale Lycéenne – USL) បានជំទាស់នឹងតួលេខទាំងនោះ ដោយអះអាងថាមានគ្រឹះស្ថានសិក្សារហូតដល់ទៅ ៥០០ កន្លែងឯណោះដែលត្រូវបានបិទខ្ទប់។
សហជីពសិស្សានុសិស្សបានថ្កោលទោសចំពោះអ្វីដែលខ្លួនហៅថាជា យុទ្ធសាស្ត្រប្រើកម្លាំងបាយ ដោយមាន “យុវជនត្រូវបានចាប់ផ្អឹបនឹងជញ្ជាំង និងកងកម្លាំងនគរបាលបង្ក្រាបកុប្បកម្មត្រូវបានដាក់ពង្រាយ” នៅខាងក្រៅសាលារៀន។
តំណាងសហជីពម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «ចំណាប់អារម្មណ៍របស់យើងគឺថា គោលបំណងរបស់ពួកគេគឺដើម្បីបង្ក្រាបចលនានេះ និងទប់ស្កាត់ការប្រមូលផ្តុំនៅថ្ងៃព្រហស្បតិ៍»។
នៅថ្ងៃព្រហស្បតិ៍ សិស្សានុសិស្សគ្រោងនឹងរៀបចំការបិទខ្ទប់ថ្ងៃថ្មីមួយ ខណៈដែលសហជីពពាណិជ្ជកម្មបានអំពាវនាវឱ្យមានការធ្វើកូដកម្មទូទាំងប្រទេស។ ជាក់ស្តែង នៅក្នុងទីក្រុង Rennes ភាគពាយ័ព្យ សិស្សប្រហែល ៣០ នាក់បានបិទផ្លូវចូលទៅកាន់វិទ្យាល័យ Brequigny ដែលជាគ្រឹះស្ថានមធ្យមសិក្សាដ៏ធំបំផុតមួយរបស់ប្រទេស។
ភាពតានតឹងបានផ្ទុះឡើងយ៉ាងឆាប់រហ័សរវាងសិស្ស និងសមាជិកគណៈគ្រប់គ្រងសាលា។ បុគ្គលិកសាលាម្នាក់បានតវ៉ាថា៖ «អ្នកមិនមែនជាសំឡេងភាគច្រើននោះទេ»។ ឆ្លើយតបនឹងការលើកឡើងនេះ សិស្សម្នាក់បានតបវិញថា៖ «ប្រសិនបើយើងធ្វើបែបនេះ វាគឺដោយសារតែអ្វីគ្រប់យ៉ាងដែលយើងធ្លាប់បានសាកល្បងពីមុនមក សុទ្ធតែមិនទទួលបានលទ្ធផល»។
ការតវ៉ានៅសាលារៀន បានជំរុញឱ្យមានចលនាទូទាំងប្រទេសប្រឆាំងនឹងការកើនឡើងតម្លៃទំនិញ និងសេវាសាធារណៈមិនគ្រប់គ្រាន់ ដែលបានទាក់ទាញមនុស្សរាប់សែននាក់ឱ្យចុះតាមដងផ្លូវក្នុងរយៈពេល ៣ ចុងសប្តាហ៍កន្លងមក ហើយបានឈានទៅរកភាពចលាចលដ៏អាក្រក់បំផុតមួយ ដែលមិនធ្លាប់មាននៅក្នុងប្រទេសបារាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កាលពីថ្ងៃទី១៧ ខែតុលា។
ចលនាតាមសាលារៀននេះ ក៏បានជម្រុញទឹកចិត្តសិស្សានុសិស្សនៅក្នុងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតផងដែរ រួមមាន បែលហ្ស៊ិក អ៊ីតាលី និងអេស៉្បាញ ដែលនៅទីនោះ ពាក្យបារាំង “blocus” (ការបិទខ្ទប់) បានក្លាយជា hashtag ដ៏ពេញនិយមមួយ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលបារាំងបានបង្ហាញវិធានការនានា ដែលសំដៅដោះស្រាយសំណើមួយចំនួនរបស់សិស្ស រួមទាំងកំណែទម្រង់ដំណើរការចូលរៀននៅសាកលវិទ្យាល័យ ដែលកន្លងមកត្រូវបានគេរិះគន់ចំពោះកង្វះតម្លាភាព។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំសិស្សានុសិស្សបានលើកឡើងថា សំណើទាំងនោះមិនទាន់ឆ្លើយតបគ្រប់គ្រាន់នៅឡើយទេ។
កាលពីថ្ងៃចន្ទ អាជ្ញាធរបានបញ្ជាក់ថា វិទ្យាល័យចំនួន ៤២ ឬប្រហែល ១% នៃចំនួនសរុបទូទាំងប្រទេសត្រូវបានបិទខ្ទប់។ ប៉ុន្តែសហជីពនិស្សិតបានដាក់តួលេខនេះដល់ចំនួន ១៦៩ ឯណោះ។ ទន្ទឹមនឹងនេះ អាជ្ញាធរក៏បានបញ្ជាក់ដែរថា ប្រហែល ១៥% នៃគ្រឹះស្ថានឧត្តមសិក្សា គឺបានរងផលប៉ះពាល់កាលពីថ្ងៃចន្ទ៕
ប្រែសម្រួល៖ គីរី
