ព័ត៌មានអន្តរជាតិ

គណបក្សប្រជាធិបតេយ្យ ដណ្តើមបានប្រៀប ក្នុងការប្រកួតប្រជែងយកអាសនៈសភា ក្រោយយកឈ្នះនៅរដ្ឋ North Carolina

វ៉ាស៊ីនតោន៖ បេក្ខភាពគណបក្សប្រជាធិបតេយ្យ លោកស្រី Annie Andrews បានឈ្នះអាសនៈព្រឹទ្ធសភាអាមេរិកប្រចាំរដ្ឋ South Carolina កាលពីថ្ងៃអង្គារ ដែលនេះជាជ័យជម្នះ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើលោកស្រី Darline Graham ដែលជាបេក្ខភាពជ្រើសរើសផ្ទាល់ ដោយលោកប្រធានាធិបតី Donald Trump នៅក្នុងរដ្ឋដែលលោក Trump ធ្លាប់ឈ្នះដោយសំឡេងនាំមុខជិត ១៨ ភាគរយ កាលពី ២ឆ្នាំមុន នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី៤​ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជ័យជម្នះរបស់លោកស្រី Andrews រួមជាមួយនឹងជ័យជម្នះរបស់លោក Roy Cooper មកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងការប្រកួតប្រជែងយកអាសនៈព្រឹទ្ធសភារដ្ឋ North Carolina បានផ្តល់ឱ្យគណបក្សនេះនូវអាសនៈចំនួន ២ ក្នុងចំណោមអាសនៈទាំង ៤ ដែលខ្លួនត្រូវការ ដើម្បីក្តោបក្តាប់អំណាចគ្រប់គ្រងស្ថាប័នមួយនេះ។ លទ្ធផលនេះក៏បានបង្ហាញផងដែរថា ចរន្តគាំទ្រគណបក្សប្រជាធិបតេយ្យកំពុងកើនឡើងធំគ្រប់គ្រាន់ ដែលអាចវាយលុកសូម្បីតែនៅក្នុងតំបន់ដែលមានអ្នកគាំទ្រគណបក្សសាធារណរដ្ឋយ៉ាងរឹងមាំក៏ដោយ។

វានៅលឿនពេកក្នុងការកំណត់ថា តើគណបក្សប្រជាធិបតេយ្យនឹងអាចបន្តភាពជោគជ័យបែបនេះទៀតឬយ៉ាងណា នៅក្នុងការប្រកួតប្រជែងដ៏សំខាន់ផ្សេងទៀត ដែលនឹងកំណត់សំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា រួមមានរដ្ឋ Alaska, Iowa, Michigan, Maine, Ohio និង Texas ខណៈដែលសន្លឹកឆ្នោតរាប់លានសន្លឹកនៅរដ្ឋទាំងនោះមិនទាន់ត្រូវបានរាប់នៅឡើយ។

លោកស្រី Andrews ដែលជាគ្រូពេទ្យកុមារ គឺជាសមាជិកគណបក្សប្រជាធិបតេយ្យដំបូងគេ ដែលបានឈ្នះអាសនៈព្រឹទ្ធសភានៅរដ្ឋ South Carolina ក្នុងរយៈពេល ២៨ ឆ្នាំ បន្ទាប់ពីការប្រកួតប្រជែង មួយដែលទាំងគណបក្សប្រជាធិបតេយ្យ និង គណបក្សសាធារណរដ្ឋ មិនធ្លាប់ចាត់ទុកថាជាការប្រកួតប្រជែង ដ៏ស្វិតស្វាញសោះ រហូតមកដល់ប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

បន្ទាប់ពីមរណភាពនៃសម្ព័ន្ធមិត្តរបស់លោក Trump គឺសមាជិកព្រឹទ្ធសភាអាមេរិក លោក Lindsey Graham ប្អូនស្រីរបស់លោក គឺលោកស្រី Darline ត្រូវបានតែងតាំងឱ្យបំពេញអាសនៈនេះ ហើយលោក Trump បានលើកទឹកចិត្តលោកស្រីឱ្យឈរឈ្មោះសម្រាប់អាណត្តិពេញ ៦ ឆ្នាំ។ ប៉ុន្តែភាពខ្វះបទពិសោធន៍ផ្នែក នយោបាយរបស់លោកស្រីបានក្លាយជាចំណុចខ្សោយមួយ។

គណបក្សប្រជាធិបតេយ្យក៏បានរក្សាអាសនៈព្រឹទ្ធសភារបស់ខ្លួននៅរដ្ឋ Georgia និង New Hampshire ផងដែរ ដែលការប្រកួតប្រជែងទាំងពីរនេះធ្លាប់ត្រូវបានចាត់ទុកថាមានភាពស្វិតស្វាញ ប៉ុន្តែឥឡូវនេះបានក្លាយជាក្តីសង្ឃឹមដ៏សែនឆ្ងាយសម្រាប់គណបក្សសាធារណរដ្ឋ ចំពេលដែលអត្រាគាំទ្ររបស់លោក Trump កំពុងធ្លាក់ចុះ។

ប្រែសម្រួល៖​ គីរី

To Top