ព័ត៌មានអន្តរជាតិ

វិបត្តិផ្ទៃក្នុង ៖ ការចែករំលែកព័ត៌មាន សម្ងាត់អាមេរិកធ្លាក់ចុះខ្សោយ ក្រោមអាណត្តិលោក ត្រាំ

វ៉ាស៊ីនតោន៖ ការចែករំលែកព័ត៌មានសម្ងាត់ របស់សហរដ្ឋអាមេរិក ស្តីពីបញ្ហាអ៊ីរ៉ង់ និងការគំរាមកំហែងជាសកល ផ្សេងៗទៀត ជាមួយសភា និងរដ្ឋាភិបាលសហព័ន្ធ មានភាពយឺតយ៉ាវ ហើយក្នុងករណីខ្លះ ត្រូវបានបញ្ឈប់ជា បណ្តោះអាសន្ន ក្នុងអំឡុងអាណត្តិទីពីររបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ (Donald Trump)។ នេះបើយោងតាមមន្ត្រីបច្ចុប្បន្ន និងអតីតមន្ត្រីចំនួនប្រាំបីរូប ព្រមទាំងអ្នកដែលទទួលបានព័ត៌មានជុំវិញបញ្ហានេះ។

​អតីតមន្ត្រី និងអ្នកជំនាញខាងក្រៅបានលើកឡើងថា ការរអាក់រអួលទាំងនេះបង្កហានិភ័យដោយទុក ឱ្យអ្នកបង្កើតគោលនយោបាយទទួលបានរូបភាព មិនពេញលេញអំពីការគំរាមកំហែងដែលប្រទេសជាតិកំពុងប្រឈម ដែលឆ្លុះបញ្ចាំងពីភាពបរាជ័យផ្នែកព័ត៌មានសម្ងាត់ ដូចដែលធ្លាប់បានលាតត្រដាងក្រោយការវាយប្រហាររបស់ក្រុម អាល់កៃដា (Al Qaeda) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ (ព្រឹត្តិការណ៍ 9/11)។ ភាពយឺតយ៉ាវនេះកើតឡើង ស្របពេល ដែលរដ្ឋបាលអាមេរិកកំពុងថ្លឹងថ្លែងថា តើត្រូវបន្តការវាយប្រហារលើ ប្រទេសអ៊ីរ៉ង់ឡើងវិញឬយ៉ាងណា បន្ទាប់ពីការបោះឆ្នោត ពាក់កណ្តាលអាណត្តិនាថ្ងៃអង្គារ នេះបើយោងតាមការ ចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៦ ។

​បញ្ហាទាំងនេះបានលេចឡើង ក្នុងអំឡុងពេលដែលអ្នកស្រី ធុលស៊ី ហ្គាបបាដ (Tulsi Gabbard) កាន់តំណែងជាប្រធាន ស៊ើបការណ៍សម្ងាត់ជាតិ (Director of National Intelligence) ចំពេលមានភាពតានតឹងយ៉ាងខ្លាំង រវាងការិយាល័យរបស់អ្នកស្រី និង ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA)។ ទោះបីជាភាពតានតឹងទាំងនោះ បានថយចុះ ចាប់តាំងពីការលាលែង ពីតំណែងរបស់អ្នកស្រីកាលពីខែមិថុនាក៏ដោយ ប៉ុន្តែបញ្ហាដែលកើតចេញពីការ ប៉ះទង្គិចគ្នានោះ នៅតែបន្តកើតមាន នេះបើតាមការបញ្ជាក់របស់មន្ត្រីអាមេរិកពីររូបដែលដឹងរឿងនេះច្បាស់។

​មន្ត្រីដដែលបានឱ្យដឹងថា ទីភ្នាក់ងារ CIA បានបញ្ឈប់ការសហការសរសេរ របាយការណ៍វាយតម្លៃរួមគ្នា ជាមួយក្រុមប្រឹក្សាស៊ើបការណ៍សម្ងាត់ជាតិ (NIC) ដែលជាក្រុមអ្នកវិភាគស្ថិតនៅក្រោមការិយាល័យ ប្រធានស៊ើបការណ៍សម្ងាត់ជាតិ (ODNI) ដែលជាហេតុធ្វើឱ្យមានការថយចុះនូវចំនួនរបាយការណ៍ ដែលប្រមូលផ្តុំទស្សនៈរួមរបស់សហគមន៍ព័ត៌មានសម្ងាត់ ដើម្បីផ្តល់ជូនអ្នកធ្វើសេចក្តីសម្រេចចិត្តលើប្រធានបទនានា រួមទាំងបញ្ហាអ៊ីរ៉ង់ផងដែរ។

​យោងតាមប្រភពពីររូបដែលដឹងរឿងនេះ បានឱ្យដឹងថា សមាជិកសភា និងបុគ្គលិករបស់ពួកគេ ក៏ត្រូវបានផ្អាកមិនឱ្យទទួលរបាយការណ៍ព័ត៌មានសម្ងាត់ពីការិយាល័យរបស់អ្នកស្រី Gabbard មួយរយៈពេលខ្លីផងដែរ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែមិថុនា ឆ្នាំ២០២៥ និងម្តងទៀតបន្ទាប់ពីការចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolás Maduro) នៅក្នុងខែមករា ឆ្នាំ២០២៦ ។ ក្រុមការងាររបស់អ្នកស្រី Gabbard បានចោទប្រកាន់សមាជិកសភាថា បានទម្លាយព័ត៌មានសម្ងាត់ទៅកាន់សារព័ត៌មាន។

​ការរអាក់រអួលក្នុងការចែករំលែកព័ត៌មានសម្ងាត់នេះ មិនត្រូវបានរាយការណ៍ជាសាធារណៈពីមុនមកនោះទេ។
​អ្នកនាំពាក្យ CIA លោកស្រី លីស ឡាយអន (Liz Lyons) បានថ្លែងថា ទីភ្នាក់ងារ CIA «បានចូលរួមយ៉ាងពេញលេញ» នៅក្នុងដំណើរការផ្តល់ការវាយតម្លៃព័ត៌មានសម្ងាត់ តាមរយៈសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃរបស់ប្រធានាធិបតី (Presidential Daily Brief) ដែលដឹកនាំដោយ ODNI និងតាមរយៈស្ថាប័ន NIC ។

​បច្ចុប្បន្ននេះ អតីតមន្ត្រីមួយចំនួនកំពុងធ្វើការរួមគ្នាដោយមានការចូលរួមពីគណបក្សទាំងពីរ (Bipartisan basis) នៅវិទ្យាស្ថាន Hoover នៃសាកលវិទ្យាល័យ Stanford ដើម្បីរៀបចំផែនការកសាងសហគមន៍ព័ត៌មានសម្ងាត់ឡើងវិញ សម្រាប់រដ្ឋបាលអាណត្តិបន្ទាប់ នេះបើតាមសម្តីរបស់អតីតមន្ត្រីអាមេរិកចំនួនបួនរូប។

​អ្នកស្រី បេត សានន័រ (Beth Sanner) អតីតនាយករងផ្នែកស៊ើបការណ៍សម្ងាត់ជាតិ ក្នុងអំឡុងអាណត្តិទីមួយរបស់លោក ត្រាំ បានមានប្រសាសន៍ថា៖ «រឿងរ៉ាវទាំងអស់នេះកំពុងបូកបញ្ចូលគ្នានៅក្នុងពិភពលោកដ៏ស្មុគស្មាញមួយ ដែលអ្នកបង្កើតគោលនយោបាយចាំបាច់ត្រូវមានទស្សនៈប្រកបដោយភាពស៊ីជម្រៅ ល្អិតល្អន់ និងសមាហរណកម្មលើពិភពលោក ប៉ុន្តែពួកគេបែរជាទទួលបានព័ត៌មានតិចតួចទៅវិញ»។

ប្រែសម្រួល៖ គីរី

To Top