ជើងហោះហើរជាច្រើននៅអឺរ៉ុប រងការគំរាមដាក់គ្រាប់បែក តែអាជ្ញាធរបញ្ជាក់ថា ជាព័ត៌មានក្លែងក្លាយ
វ៉ាសូវី ៖ យ៉ាងហោចណាស់មានជើងហោះហើរចំនួន ៤ នៅអឺរ៉ុប រងការគំរាមកំហែងដាក់គ្រាប់បែកកាលពីថ្ងៃអង្គារ បន្ទាប់ពីមានករណីមួយបានកើតឡើងកាលពីថ្ងៃចន្ទ ដែលបង្ខំឱ្យជើងហោះហើរមួយចំនួនត្រូវបង្វែរទិសដៅ និងអាកាសយានដ្ឋានមួយនៅ ក្នុងប្រទេសប៉ូឡូញត្រូវបិទទ្វារជាបណ្តោះអាសន្ន ទោះបីជាអាជ្ញាធរមិនបានរកឃើញ ឧបករណ៍ផ្ទុះណាមួយក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
អាជ្ញាធរបានបង្វែរទិសដៅជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ LOT មកពីទីក្រុងឡុងដ៍ ដែលគ្រោងនឹងចុះចត នៅអាកាសយានដ្ឋាន Chopin ក្នុងទីក្រុងវ៉ាសូវី ទៅកាន់អាកាសយានដ្ឋានក្បែរ នោះមួយទៀតគឺអាកាសយានដ្ឋាន Modlin ដែលត្រូវបានបិទ មួយរយៈពេលខ្លី ខណៈដែលយន្តហោះនោះ កំពុងត្រូវបានត្រួតពិនិត្យ។ អាកាសយានដ្ឋាន Modlin បានឱ្យដឹងថា ខ្លួនបានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីមិនមានរកឃើញឧបករណ៍ផ្ទុះណាមួយនោះទេ។
ចំណែកឯជើងហោះហើរមួយទៀតឆ្ពោះទៅកាន់ទីក្រុងវ៉ាសូវី ដែលជាជើងហោះហើររបស់ក្រុមហ៊ុន SAS មកពីទីក្រុងកូផេនហាក (Copenhagen) បានចុះចតនៅអាកាសយានដ្ឋាន Chopin តាមការគ្រោងទុក។ អាកាសយានដ្ឋាន Chopin បានបញ្ជាក់ថា មិនមានរកឃើញឧបករណ៍ផ្ទុះនោះទេ ហើយអាកាសយានដ្ឋាននៅតែបន្តប្រតិបត្តិការជាធម្មតា។
ដោយឡែក នៅក្នុងរដ្ឋធានីសូហ្វីយ៉ា (Sofia) នៃប្រទេសប៊ុលហ្គារី យន្តហោះមួយគ្រឿងដែលហោះហើរពីប្រទេសអ៊ីស្រាអែល បានចុះចតបន្ទាប់ពីទទួលបានការគំរាមកំហែងដាក់គ្រាប់បែកតាមរយៈអ៊ីមែល។ ទីភ្នាក់ងារសារព័ត៌មាន BTA បានដកស្រង់សម្តីលោក Lyubomir Nikolov អគ្គលេខាធិការក្រសួងមហាផ្ទៃ ដែលបានបញ្ជាក់ថា អង្គភាពប្រឆាំងភេរវកម្មកំពុងត្រួតពិនិត្យយន្តហោះនោះ ដើម្បីស្វែងរកឧបករណ៍ផ្ទុះដែលអាចមានបំពាក់នៅលើនោះ។
មួយថ្ងៃមុននេះ ជើងហោះហើររបស់ក្រុមហ៊ុន Wizz Air ពីទីក្រុងឡុងដ៍ ទៅកាន់ទីក្រុងសូហ្វីយ៉ា ក៏ត្រូវបានបង្វែរទិសដៅទៅកាន់អាកាសយាន ដ្ឋានប៊ុយដាប៉ែស (Budapest) ផងដែរ បន្ទាប់ពីទទួលបានការគំរាមកំហែង ដាក់គ្រាប់បែក។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិហុងគ្រី លោក Romulusz Ruszin-Szendi នៅក្នុងការបង្ហោះលើបណ្តាញសង្គម Facebook។
បន្ថែមពីនេះ ផ្នែកខ្លះនៃអាកាសយានដ្ឋាននៅទីក្រុង Murcia ភាគអាគ្នេយ៍នៃប្រទេសអេស៉្បាញ ត្រូវបានហ៊ុមព័ទ្ធកាលពីថ្ងៃអង្គារ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីការគំរាមកំហែងដាក់គ្រាប់បែកនៅលើជើងហោះហើរ Ryanair មកពីទីក្រុង Manchester ។ ប៉ុន្តែមន្ត្រីបាននិយាយថា របាយការណ៍នោះគ្រាន់តែជារឿងបោកប្រាស់ប៉ុណ្ណោះ ហើយអាកាសយានដ្ឋាន បានបន្តប្រតិបត្តិការធម្មតាឡើងវិញ បន្ទាប់ពីអាជ្ញាធររកមិនឃើញ មានជាតិផ្ទុះនៅលើលើយន្តហោះនោះទេ។
ប្រែសម្រួល៖ គីរី
