Feature

ក្រសួងឧស្សាហកម្ម ត្រៀមវិធានការទប់ទល់ នឹងផលប៉ះពាល់ នៃបាតុភូតអែលនីញ៉ូ លើវិស័យទឹកស្អាត

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងពង្រឹងវិធានការត្រៀមសម្រាប់និរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាត ខណៈបាតុភូតអែលនីញ៉ូ (El Niño) ត្រូវបានព្យាករណ៍ថាអាចបង្កផលប៉ះពាល់ដល់របបទឹកភ្លៀង និងប្រភពទឹកនៅកម្ពុជា។

លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួង តំណាងរដ្ឋាករទឹកសាធារណៈ មន្ទីររាជធានី-ខេត្ត និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា ដើម្បីពិនិត្យ និងដាក់ចេញវិធានការត្រៀម និងពង្រឹងការសម្របសម្រួល សម្រាប់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត។

លោករដ្ឋមន្ត្រី បានលើកឡើងថា «យើងមិនទាន់ដឹងច្បាស់ថា បាតុភូតអែលនីញ៉ូនឹងមានឥទ្ធិពលខ្លាំងកម្រិតណា ឬអូសបន្លាយយូរប៉ុណ្ណាទេ។ ប៉ុន្តែការត្រៀមលក្ខណៈបានល្អ អាចជួយកាត់បន្ថយផលប៉ះពាល់។ ដូច្នេះ យើងត្រូវត្រៀមលក្ខណៈសម្រាប់សេណារីយ៉ូអាក្រក់បំផុត និងពង្រឹងវិធានការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់»។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បាតុភូតអែលនីញ៉ូអាចបន្តមានឥទ្ធិពលលើកម្ពុជា រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដោយក្រសួងបានអំពាវនាវ ឱ្យថែរក្សាប្រភពទឹក សន្សំសំចៃទឹក និងផ្តល់អាទិភាពទី១ ដល់ការប្រើប្រាស់ទឹកសម្រាប់ជីវភាពប្រចាំថ្ងៃ និងទី២ ដល់ការធ្វើស្រែប្រាំងនិងការដាំដុះ។

សម្រាប់វិស័យទឹកស្អាត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានធ្វើការវាយតម្លៃបច្ចេកទេស លើស្ថានភាពប្រភពទឹក ការត្រៀមលក្ខណៈហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាប្រឈមដែលអាចកើតមាន ដើម្បីជួយឱ្យប្រតិបត្តិករទឹកស្អាតកំណត់វិធានការត្រៀមជាមុន និងរក្សានិរន្តរភាពនៃការផ្គត់ផ្គង់៕

To Top