សម្ដេចធិបតី ៖ បណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ផ្ទុកមាស ហើយមានតម្លៃជាងមាសដុំ
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃគម្ពុជា មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជាទុកមាស ប៉ុន្ដែបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ផ្ទុកមាស ហើយមានតម្លៃជាងមាសដុំ។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦ – ២០២៦) នាថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ធនាគារជាតិទុកមាស ប៉ុន្តែបណ្ណាសារជាតិ បណ្ណាសារដ្ឋានជាតិ ក៏ដូចជាបណ្ណាល័យជាតិ ទុកមាសដែលមានតម្លៃជាងមាសដុំ នេះគឺដជាការពិត ប្រទេសជាតិមួយបើគ្មានឫស ដូចនៅក្នុងសុន្ទរកថា តើឫសកែវរបស់យើងមកពីណា? ហើយឫសកែវបញ្ជាក់តាមអី? តាមការនិយាយគ្នា? ព្រោះឥឡូវសម័យបច្ចេកវិទ្យា ពីណាក៏សរសេរបានដែរ ប៉ុន្តែត្រូវមានឯកសារដើមជាគោល អ្នកស្រាវជ្រាវត្រូវថែរក្សាអាហ្នឹង»។
សម្ដេចធិបតី បន្ដថា ឯកសារដើមមិនអាចកែបានទេ ត្រូវថែរក្សាទុក ព្រោះឥឡូវនេះ copy ដូចមែនទែន ជាពិសេសទាក់ទងប្រវត្តិសាស្ត្រ។
នាឱកាសនោះ សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា បច្ចុប្បន្ន បណ្ណសារដ្ឋានជាតិ បានក្លាយជាទីតាំងបេតិកភណ្ឌជាតិ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិ អធិបតេយ្យ និងបូរណភាពទឹកដី។
សម្ដេច បន្ថែមថា តាមរយៈបណ្ណសារដ្ឋានជាតិ ដែលជាទីតាំងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និងកំណត់ត្រាផ្លូវការ ដែលមានប្រភពច្បាស់លាស់ បានធ្វើឱ្យកន្លែងនេះក្លាយជាប្រភពភស្តុតាងដើម្បីគាំទ្រដល់ការសិក្សា ការកំណត់ជំហរផ្លូវការ និងការការពារផលប្រយោជន៍ជាតិ៕
