តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានព្រមានថា សង្គ្រាមណាមួយ ដែលផ្ទុះឡើងជាថ្មីជាមួយសហរដ្ឋអាមេរិក អាចនឹងអូសបន្លាយពេលយូរជាងការ ប្រយុទ្ធគ្នាកាលពីលើកមុន បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងថា លោកនៅតែត្រូវចាត់ការគោលដៅផ្សេងទៀតបន្ថែមទៀត។
យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ លោក Mohammad Akraminia អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់បានថ្លែងថា៖ «សង្គ្រាមដែលអាចនឹងកើតឡើងនៅថ្ងៃមុខ អាចនឹងអូសបន្លាយពេលយូរជាងជម្លោះមុនៗ ហើយប្រធានាធិបតីអាមេរិក នឹងមិនស្ថិតក្នុងស្ថានភាពដែលអាចកំណត់ពេលវេលា ឬលក្ខខណ្ឌសម្រាប់ការបញ្ចប់សង្គ្រាមនោះឡើយ»។
នៅក្នុងដំណាក់កាលដ៏ក្តៅគគុកបំផុតនៃសង្គ្រាម ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់ បានធ្វើការឆ្លើយតបវិញដោយការបាញ់មីស៊ីល និងប្រើប្រាស់យន្តហោះដ្រូនវាយប្រហារនៅទូទាំងតំបន់។ ក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក៏បានចូលរួមក្នុងសមរភូមិប្រយុទ្ធទាំងនៅក្នុងប្រទេសលីបង់ និងប្រទេសយេម៉ែនផងដែរ។
ការលើកឡើងរបស់លោក Akraminia ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិក អាចធ្វើការវាយប្រហារយ៉ាងឆាប់រហ័សទៅលើគោលដៅដែលនៅសេសសល់របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់។
លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនៅមានទីតាំងមួយ ឬពីរទៀតដែលត្រូវដោះស្រាយ ប៉ុន្តែយើងអាចធ្វើវាបានក្នុងរយៈពេល ១០ នាទីប៉ុណ្ណោះ»។
លោកបានបន្ថែមទៀតថា៖ «អ្នកអាចពិចារណាលើភ្នំ Pickaxe ដែលចាំបាច់ត្រូវតែដោះស្រាយ។ យើងអាចធ្វើកិច្ចការទាំងអស់នោះបានយ៉ាងឆាប់រហ័ស»។ ការលើកឡើងនេះសំដៅទៅលើទីតាំងមួយដែលគេសង្ស័យថា ជាកន្លែងនុយក្លេអ៊ែរក្រោមដីរបស់អ៊ីរ៉ង់ ៕
ប្រែសម្រួល ឈូក បូរ៉ា
