វ៉ាស៊ីនតោន ៖ កាលពីថ្ងៃពុធ គណបក្សប្រជាធិបតេយ្យ បានប្តេជ្ញាថា នឹងប្រើប្រាស់ជ័យជម្នះយ៉ាងគគ្រឹកគគ្រេង ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់ខ្លួន ដើម្បីទប់ស្កាត់អំណាចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលអាចនឹងបង្កើតឱ្យមានភាពទាល់ច្រកនៅទីក្រុងវ៉ាស៊ីនតោនសម្រាប់រយៈពេលពីរឆ្នាំខាងមុខ ខណៈដែលលោក ត្រាំ បានចំណាយពេលក្នុងការបង្ហាញខ្លួន ជាលើកដំបូងក្រោយការបោះឆ្នោត ដើម្បីបង្អួតពីសាលរាំក្នុងសេតវិមាន របស់លោកដែលកំពុងស្ថិតក្រោមការសាងសង់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
រលកនៃកំហឹង ចំពោះគោលនយោបាយនានារបស់លោក ត្រាំ ជាពិសេសពាក់ព័ន្ធនឹងតួនាទី នៃសង្គ្រាមរវាង សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ ក្នុងការជំរុញឱ្យតម្លៃនៃការរស់នៅកាន់តែខ្ពស់ បានជួយឱ្យគណបក្ស ប្រជាធិបតេយ្យដណ្តើមបានព្រឹទ្ធសភា ដោយពួកគេបានក្រឡាប់អាសនៈ នៅតាមរដ្ឋដែលគាំទ្រគណបក្ស សាធារណរដ្ឋយ៉ាងខ្លាំងក្លា ដើម្បីទទួលបានសំឡេងភាគច្រើនយ៉ាងហោចណាស់ ៥៤ ទល់នឹង ៤៤ ព្រមទាំងដណ្តើមបានរដ្ឋសភា (សភាតំណាងរាស្ត្រ) ដែលពួកគេទទួលបានអាសនៈបន្ថែម យ៉ាងហោចណាស់ចំនួន ២៨ អាសនៈ។
នេះនឹងក្លាយជាលើកទីមួយហើយ ដែលលោក ត្រាំ មកពីគណបក្សសាធារណរដ្ឋ ដែលធ្លាប់បានកាន់ តំណែងនៅ សេតវិមានពីឆ្នាំ ២០១៧ ដល់ ២០២១ ផងដែរនោះ ត្រូវប្រឈមមុខជាមួយនឹងសភា ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។
មេដឹកនាំគណបក្សប្រជាធិបតេយ្យក្នុងរដ្ឋសភា លោក ហាកីម ជេហ្វហ្វ្រីស (Hakeem Jeffries) បានថ្លែងថា សំឡេងភាគច្រើនដែលនឹងចូលកាន់តំណែង នឹងផ្តោតសំខាន់ទៅលើលទ្ធភាពនៃតម្លៃរស់នៅ និងគណនេយ្យភាព។
លោក Jeffries សមាជិកសភាមកពីរដ្ឋញូវយ៉ក ដែលកំពុងស្ថិតនៅលើគន្លងឆ្ពោះ ទៅក្លាយជាប្រធានរដ្ឋសភាជាជនជាតិ ស្បែកខ្មៅដំបូងគេ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា៖ “យើងមិនធ្វើការឱ្យលោក ដូណាល់ ត្រាំ ទេ”។ លោកបានបន្ថែមថា៖ “យើងធ្វើការជូនប្រជាជនអាមេរិក។ ហើយពេលវេលាដែលរដ្ឋសភាដំណើរ ការដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុង របស់រដ្ឋបាលលោក ត្រាំ គឺត្រូវបានបញ្ចប់ហើយ”។
ប្រែសម្រួល៖ គីរី
