ព័ត៌មានអន្តរជាតិ

រដ្ឋ Victoria ប្រទេសអូស្រ្តាលី ប្រកាសអាសន្ន ក្រោយពីមានការកើនឡើង ករណីឆ្លងវីរុសកូវីដ១៩ ឡើងវិញ

បរទេស៖ រដ្ឋ Victoria នៃប្រទេសអូស្រ្តាលីបានប្រកាសអាសន្នរដ្ឋក្នុងគ្រោះមហន្តរាយ និងបានដាក់ចេញនូវវិធានការចាក់សោរថ្មី (បិទរដ្ឋ) បន្ទាប់ពីមានការកើនឡើងនៃការឆ្លងមេរោគកូវីដ១៩។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រមុខរដ្ឋ Victorian លោក Daniel Andrews បាននិយាយថា ការរឹតបន្តឹងនេះនឹងចូលជាធរមាននៅថ្ងៃអាទិត្យ វេលាម៉ោង ១៨ និង០០នាទី។

យោងតាមច្បាប់ថ្មីអ្នករស់នៅក្នុងទីក្រុង Melbourne នៃរដ្ឋ នឹងត្រូវទទួលបម្រាមគោចរនៅពេលយប់។ បទបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះនៅទីក្រុង នឹងត្រូវបានធ្វើឡើង ដែលនឹងផ្តល់ឱ្យប្រជាជននូវការលើកលែងតិចតួចប៉ុណ្ណោះ សម្រាប់ការចាកចេញពីផ្ទះ។

អ្នកស្រុកនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរលើសពី ៥ គីឡូម៉ែត្រ (៣.១ ម៉ាយល៍) ពីផ្ទះរបស់ពួកគេទេ ការធ្វើលំហាត់ប្រាណនឹងត្រូវបានកម្រិតត្រឹមម្តងក្នុងមួយថ្ងៃ ហើយមនុស្សម្នាក់នឹងអាចទៅទិញទំនិញចាំបាច់ តែមួយពេលប៉ុណ្ណោះ។

សូមជម្រាបថា បន្ទាប់ពីទទួលបានជោគជ័យដំបូងក្នុងការបង្ក្រាបវីរុស ប្រទេសអូស្រ្តាលីមានករណីតិចជាងប្រទេសជាច្រើនដោយកត់ត្រាអំពីការឆ្លងចំនួន ១៧.០០០ នាក់ និង ២០០ នាក់បានស្លាប់។

ប៉ុន្តែករណីឆ្លងកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅរដ្ឋ Victoria ដែលជាចំនួននៃការឆ្លងថ្មីរបស់អូស្រ្តាលីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជំរុញការវិលត្រឡប់នៃការរឹតបន្តឹងការចាក់សោរនៅដើមខែកក្កដា៕

ប្រែសម្រួលៈ ណៃ តុលា

To Top