ព័ត៌មានអន្តរជាតិ

លោក Yoshihide Suga ចាប់ផ្តើមធ្វើការ ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មី របស់ជប៉ុន «ខ្ញុំចង់បំពេញ តាមការរំពឹងទុក របស់ប្រជាជន»

បរទេស៖ លោក Yoshihide Suga បានចាប់ផ្តើមធ្វើជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ ដែលមានរយៈពេលមួយថ្ងៃ បន្ទាប់ពីបានឡើងកាន់តំណែងកំពូល និងបានបង្កើតគណៈរដ្ឋមន្រ្តី របស់លោក។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Suga បានប្រាប់អ្នកយកព័ត៌មាននៅការិយាល័យនាយករដ្ឋមន្ត្រីថា « ខ្ញុំចង់បំពេញនូវការរំពឹងទុករបស់ប្រជាជន តាមរយៈការបង្កើតគណៈរដ្ឋមន្រ្តី ដែលធ្វើការសម្រាប់ប្រជាជន និងទទួលបានលទ្ធផល» ។

លោកបាននិយាយថា លោកនឹងតែងតាំងអនុរដ្ឋមន្ត្រីជាន់ខ្ពស់ និងអនុរដ្ឋមន្ត្រីនៅថ្ងៃសុក្រ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងសន្និសីទសារព័ត៌មានលើកដំបូង របស់លោកក្នុងនាមជានាយករដ្ឋមន្រ្តីកាលពីថ្ងៃពុធ លោក Yoshihide Suga បានសន្យាថា នឹងធ្វើឱ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញ និងគ្រប់គ្រងការឆ្លងវីរុសកូវីដ។ លោកបន្តថា លោកនឹងជំរុញថែមទៀត នូវគោលនយោបាយដែលបានដាក់ចេញ ដោយអ្នកកាន់តំណែងមុន គឺលោកស៊ីនហ្សូអាបេ ដែលបានលាលែងពីតំណែង ដោយសារបញ្ហាសុខភាព ។

ប្រធានខុទ្ទកាល័យ គណៈរដ្ឋមន្រ្តីលោក Katsunobu Kato ដែលមានតួនាទីជារដ្ឋមន្រ្តីក្រសួងសុខាភិបាលក្រោមរដ្ឋបាល លោកអាបេបាននិយាយថា រដ្ឋាភិបាលនឹងអនុវត្ត ឱ្យបានហ្មត់ចត់នូវការឆ្លើយតបនឹងមេរោគឆ្លង ដែលបានសម្រេចចិត្តក្រោមរដ្ឋបាលមុន ដែលរាប់ចាប់ពីការធានាវ៉ាក់សាំង សម្រាប់ប្រជាជនទាំងអស់ រហូតដល់ការពង្រីកការធ្វើតេស្ត៕

ប្រែសម្រួលៈ ណៃ តុលា

To Top