Covid-19

កូរ៉េខាងត្បូង អនុម័តប្រើថ្នាំវ៉ាក់សំាង កូវីដ១៩ Moderna

បរទេស៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានអនុម័តប្រើប្រាស់ថ្នាំវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna Inc ស្របពេលដែលប្រទេសនេះ មានបំណងពន្លឿនកិច្ចប្រឹងប្រែង ចាក់ថ្នាំវ៉ាក់សាំងរបស់ខ្លួន នេះបើតាមសម្តីរដ្ឋមន្ត្រីសុវត្ថិភាពឱសថ លោក Kim Gang-lip ប្រាប់សន្និសីទកាសែតមួយ។

ការបើកភ្លើងខៀវនេះ គឺត្រូវបានធ្វើឡើងក្រោយគណៈអ្នកជំនាញ ២ក្រុមក្នុងចំណោម៣ក្រុម បានផ្តល់ការណែនាំថា ការអនុម័តគួរតែត្រូវបានផ្តល់ឲ្យ សម្រាប់ថ្នាំវ៉ាក់សាំងពីរដូសនេះ ដោយផ្អែកលើសុវត្ថិភាពនិងប្រសិទ្ធភាព ក្នុងការសាកល្បងជាលើកចុងក្រោយ នៅសហរដ្ឋអាមេរិក។

លោក Kim Gang-lip បានមានប្រសាសន៍ថា ថ្នាំវ៉ាក់សាំង Moderna គឺជាថ្នាំវ៉ាក់សាំងកូវីដ១៩ទី៤ ដែលត្រូវបានអនុម័តឲ្យប្រើប្រាស់ នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីថ្នាំវ៉ាក់សាំងអភិវឌ្ឍផលិតដោយក្រុមហ៊ុន AstraZeneca Plc (AZN.L) ក្រុមហ៊ុន Pfizer Inc (PFE.N) និងក្រុមហ៊ុន Johnson & Johnson (JNJ.N)។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AAJ.TV នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុន Moderna មានកិច្ចព្រមព្រៀងមួយជាមួយ ប្រទេសកូរ៉េខាងត្បូង ដើម្បីផ្គត់ផ្គង់ថ្នាំវ៉ាក់សាំង ៤០លានដូស បើទោះជាពេលវេលាដឹកជញ្ជូន នៅមិនទាន់ត្រូវបានប្រកាសនៅឡើយក៏ដោយ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top