ព័ត៌មានអន្តរជាតិ

អាមេរិក ផ្អាកផ្ដល់ជំនួយសេដ្ឋកិច្ចទៅកាន់ស៊ូដង់ ដោយសារការចាប់ឃុំខ្លួនមេដឹកនាំ និងមន្រ្តីស៊ីវិល

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានផ្អាកជំនួយសេដ្ឋកិច្ចចំនួន ៧០០លានដុល្លារដល់ប្រទេសស៊ូដង់ បន្ទាប់ពីកងកម្លាំងយោធា របស់ប្រទេសនេះបានចាប់ខ្លួនមេដឹកនាំ និងមន្ត្រីស៊ីវិល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មឆនចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មានមួយថា “សហរដ្ឋអាមេរិកថ្កោលទោស ចំពោះសកម្មភាពដែលបានធ្វើឡើងពេញមួយយប់ដោយកងកម្លាំងយោធាស៊ូដង់” ។ “ការចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលស៊ីវិល និងមេដឹកនាំនយោបាយផ្សេងទៀត រួមទាំងនាយករដ្ឋមន្ត្រី លោក អាប់ដាឡា ហាំដុក ធ្វើឱ្យខូចដល់ការផ្លាស់ប្តូររបស់ប្រទេសទៅកាន់ការគ្រប់គ្រងស៊ីវិលតាមបែបប្រជាធិបតេយ្យ”។

លោកបានបន្ថែមថា “ដោយមើលឃើញពីការអភិវឌ្ឍន៍ទាំងនេះ សហរដ្ឋអាមេរិក កំពុងផ្អាកជំនួយពី ៧០០ លានដុល្លារក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់នៃមូលនិធិគាំទ្រសេដ្ឋកិច្ច សម្រាប់ប្រទេសស៊ូដង់” ។

លោក Price បានជំរុញឱ្យយោធាដោះលែងអ្នកនយោបាយ ដែលជាប់ឃុំទាំងអស់ជាបន្ទាន់ ស្ដាររដ្ឋាភិបាល អន្តរកាលដែលដឹកនាំដោយជនស៊ីវិលទាំងស្រុង និងជៀសវាងពីអំពើហិង្សាលើក្រុមបាតុករ។

កាលពីព្រឹកថ្ងៃចន្ទ ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពស៊ូដង់ លោក Abdel Fattah Al-Burhan បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ននៅទូទាំងប្រទេសស៊ូដង់ ហើយបានរំលាយក្រុមប្រឹក្សាអធិបតេយ្យភាពអន្តរកាល និងរដ្ឋាភិបាល។

ការ សម្រេច ចិត្ត នេះ ត្រូវ បាន ធ្វើ ឡើង ប៉ុន្មាន ម៉ោង បន្ទាប់ ពី នាយក រដ្ឋមន្ត្រី ស៊ូដង់លោក អាប់ដាឡា ដាំហុក សមាជិក នៃ សមាសភាព ជន ស៊ីវិល របស់ ក្រុមប្រឹក្សា អធិបតេយ្យភាព អន្តរកាល និង រដ្ឋមន្ត្រី មួយ ចំនួន ត្រូវ បាន ចាប់ ខ្លួន ដោយ កងកម្លាំង យោធា ៕

To Top