ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អង់គ្លេស និងប៉ូឡូញ នឹងបង្កើតសម្ព័នភាពត្រីភាគីថ្មីមួយ ខណៈកំពុងតានតឹងជាមួយរុស្ស៊ី



គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក នឹងបង្កើតសម្ព័ន្ធភាពត្រីភាគីថ្មីជាមួយចក្រភពអង់គ្លេស និងប៉ូឡូញ។

លោក Zelensky បានប្រាប់សភាថា “យើងកំពុងបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការនយោបាយនៅអឺរ៉ុប រវាងអ៊ុយក្រែន ចក្រភពអង់គ្លេស និងប៉ូឡូញ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅថ្ងៃបន្ទាប់ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងនៅលើទំព័រហ្វេសប៊ុកថា សម្ព័ន្ធភាពថ្មីនេះ គឺសំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ក្នុងវិស័យដូចជា សន្តិសុខ ពាណិជ្ជកម្ម ការវិនិយោគ និងថាមពល។

បើយោងតាមលើកឡើងរបស់លោក Kuleba បានឲ្យដឹងថា ទម្រង់ថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់អ៊ុយក្រែន ក្នុងការបង្កើតសម្ព័ន្ធភាពតូចៗ។

អ៊ុយក្រែន និងប៉ូឡូញ កំពុងសហការរួចហើយនៅក្នុងសម្ព័ន្ធភាពត្រីកោណ Lublin ដែលរួមបញ្ចូលលីទុយអានី ផងដែរ។ ហើយកាលពីឆ្នាំមុន អ៊ុយក្រែន ក៏បានបង្កើត Associated Trio ជាមួយ Georgia និង Moldova ផងដែរ៕

ដោយ ឈូក បូរ៉ា

To Top