ព័ត៌មានអន្តរជាតិ

កិច្ចពិភាក្សាស្ដីពី ការស្ដារឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បន្ដធ្វើឡើងនៅទីក្រុងវីយែន

វីយែន៖ សេវាការទូតរបស់សហភាពអឺរ៉ុប បានឲ្យដឹងថាកិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹងបន្តនៅទីនេះនៅថ្ងៃទី៨ ខែកុម្ភៈ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេវាសកម្មភាពខាងក្រៅរបស់អឺរ៉ុប (EEAS) បានឲ្យដឹងថា អ្នកចូលរួមក្នុងការចរចាលើកទី៨ នឹង “បន្តការពិភាក្សាលើការរំពឹងទុកនៃ ការវិលត្រឡប់របស់សហរដ្ឋអាមេរិកទៅ JCPOA និងរបៀបដើម្បីធានាឱ្យបាន នូវការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃ កិច្ច ព្រមព្រៀងរបស់ភាគីទាំងអស់”។

កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានផ្អាកកាលពីចុងខែមករា ខណៈអ្នកចរចាបានត្រឡប់ទៅរដ្ឋធានី របស់ពួកគេវិញ ដើម្បីពិភាក្សាគ្នាឡើងវិញ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អគ្គលេខាធិការរង EEAS លោក Enrique Mora បានសរសេរនៅលើបណ្ដាញសង្គម Twitter កាលពីថ្ងៃចន្ទថា បានផ្តល់ “និន្នាការដែលមិនចង់បាន ដែលធ្វើឱ្យប៉ះពាល់ដល់ JCPOA នោះ ចាំបាច់ត្រូវបញ្ចប់ការចរចា ទាំងនេះឱ្យបានឆាប់រហ័ស” ។

លោក Mora បានលើកឡើងថា “យើងត្រូវការស្មារតីនៃការសម្របសម្រួល ដើម្បីនាំយើងត្រឡប់ទៅ ការអនុវត្តពេញលេញ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រទេសអ៊ីរ៉ង់ និងប្រទេសហត្ថលេខីចំនួន៥ ផ្សេងទៀតនៃ JCPOA រួមមាន ចិន រុស្ស៊ី ចក្រភពអង់គ្លេស បារាំង និងអាឡឺម៉ង់ បានបើកកិច្ចចរចាក្នុងរដ្ឋធានីអូទ្រីស ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀង ដែលទីក្រុងវ៉ាស៊ីនតោនបាន ដកខ្លួនកាលពីឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ៕

ដោយ ឈូក បូរ៉ា

To Top