ព័ត៌មានអន្តរជាតិ

លោកនាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើការផ្លាស់ប្តូរមុខតំណែង ប្រធានគណៈរដ្ឋមន្ត្រីរបស់ខ្លួន

រូបភាពពី៖​ AFP

តូក្យូ៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ថា កាសែត Yomiuri បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ដោយដកស្រង់ប្រភពពីរដ្ឋាភិបាល និងគណបក្សកាន់អំណាចថា លោក Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន គ្រោងនឹងធ្វើការផ្លាស់ប្តូរមុខតំណែងប្រធានខុទ្ទកាល័យលោក Hirokazu Matsuno ស្របពេលមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា លោកបានទទួលមូលនិធិនយោបាយដែលមិនបានប្រកាសឲ្យដឹង ។

លោក Kishida និងគណបក្ស Liberal Democratic Party ហៅកាត់ថា (LDP) ដែលកំពុងកាន់អំណាចរបស់គាត់កំពុងប្រឈមមុខនឹងការត្រួតពិនិត្យកាន់តែខ្លាំងឡើងៗ បន្ទាប់ពីមានការចោទប្រកាន់ថា សមាជិកសភាបក្ស រួមទាំង Matsuno និងសមាជិកដែលមានឋានៈខ្ពស់ផ្សេងទៀត ប្រហែលជាបានប្រមូលប្រាក់ជាង១០០លានយ៉េនស្មើនឹង៦៩៣.០០០ដុល្លារសហរដ្ឋអាមេរិកនៃការរៃអង្គាសប្រាក់ដែលបានរក្សាទុក ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍មកថា រដ្ឋអាជ្ញាទីក្រុងតូក្យូ កំពុងស្វែងរកការស៊ើបអង្កេតសមាជិកសភា បន្ទាប់ពីសម័យប្រជុំសភាបច្ចុប្បន្នបានបញ្ចប់កាលពីថ្ងៃពុធ ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូ របស់ជប៉ុនបានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ផែនការរុះរើគណៈរដ្ឋមន្ត្រី និងតែងតាំងមន្ត្រីបក្សថ្មីក៏បានលេចចេញរូបរាងផងដែរ ។ ទីភ្នាក់ងារបានឲ្យដឹងថា ការផ្លាស់នេះប្តូរអាចកើតឡើងបន្ទាប់ពីបញ្ចប់សម័យប្រជុំសភា ។

កាសែត Asahi និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានឲ្យដឹងថា លោក Matsuno ត្រូវបានគេសង្ស័យថា បានបរាជ័យក្នុងការប្រកាសប្រាក់ជាង១០លានយ៉េនដែលគាត់បានទទួលក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះពីបក្សពួកដ៏ធំបំផុតនៅក្នុងបក្ស LDP ។ លោក Matsuno បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top