អាមេនី អាចនឹងក្លាយជាសមាជិកផ្លូវការ របស់សហភាពអឺរ៉ុប នៅឆ្នាំ២០២៧ ឬ២០២៨
បរទេស៖ នាយករដ្ឋមន្ត្រី Nikol Pashinyan បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូល Euronews ស្តីពីការពង្រីកសហភាពអឺរ៉ុបថា ការដែលប្រទេសអាមេនី ដាក់ពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុបជាផ្លូវការនៅឆ្នាំ ២០២៧ ឬ ២០២៨ គឺជាអ្វីមួយដែលអាចទៅរួចជាក់ស្តែង។ លោកបានបន្ថែមថា រដ្ឋាភិបាលរបស់លោកមានបំណងទុកឱ្យប្រជាជនអាមេនី ជាអ្នកជ្រើសរើសមាគ៌ាដោយខ្លួនឯង។
លោកបានលើកឡើងថា៖ «នៅឆ្នាំក្រោយ យើងអាចមើលឃើញពីលទ្ធភាពជាក់ស្តែង។ ឆ្នាំ ២០២៨ អាចជាពេលវេលាជាក់ស្តែងមួយ»។ លោកបន្តថា ៖ «យើងបានចាប់ផ្តើមដំណើរការ ដែលនឹងនាំយើងទៅរកការ សម្រេចចិត្តចុងក្រោយ ដើម្បីដាក់ពាក្យស្នើសុំចូលជាសមាជិកផ្លូវការ របស់សហភាពអឺរ៉ុប»។
កាលពីខែសីហា លោក Pashinyan បានប្រកាសនៅចំពោះមុខសភាជាតិអាមេនីថា រដ្ឋាភិបាលរបស់លោក មានបំណងដាក់ពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុប «នៅពេលឆាប់ៗខាងមុខនេះ»។ ជំហាននេះនឹងនាំប្រទេសនៅតំបន់កូកាស៊ីសខាងត្បូង មួយនេះ ចេញពីឥទ្ធិពលរបស់រុស្ស៊ី ហើយងាកទៅរកទីក្រុងព្រុចសែល វិញ។
រហូតមកទល់ពេលនេះ ទីក្រុងយេរ៉េវ៉ាន់ នៅមិនទាន់ដាក់ពាក្យស្នើសុំជាផ្លូវការនៅឡើយទេ។ បច្ចុប្បន្ន ប្រទេសនេះកំពុងស្ថិតនៅក្នុងកិច្ចសន្ទនាជាមួយគណៈកម្មការអឺរ៉ុប ជុំវិញការសម្រួលលក្ខខណ្ឌទិដ្ឋាការ ដោយមានគោលដៅបញ្ចប់ដំណើរការនេះនៅត្រឹមឆ្នាំ ២០២៩។
សម្រាប់លោក Pashinyan ការក្លាយជាសមាជិកសហភាពអឺរ៉ុប គឺជាជម្រើសយុទ្ធសាស្ត្រមួយ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសអាមេនី បន្ទាប់ពីបដិវត្តន៍ឆ្នាំ ២០១៨ ដែលបានទម្លាក់អ្នកនយោបាយ ដែលមាននិន្នាការគាំទ្ររុស្ស៊ីចេញពីអំណាច។
លោកបានបន្ដថា៖ «សម្រាប់ប្រជាជនរបស់យើង លទ្ធិប្រជាធិបតេយ្យមិនមែនជារឿងដែលអាស្រ័យលើកាលៈទេសៈនោះទេ ប៉ុន្តែវាគឺជាជម្រើសយុទ្ធសាស្ត្រមួយ» ។ លោកបានបន្ថែមថា៖ «សហភាពអឺរ៉ុប គឺជាដៃគូដ៏សំខាន់មួយ របស់សាធារណរដ្ឋអាមេនី ក្នុងការអនុវត្តរបៀបវារៈនៃកំណែទម្រង់ប្រជាធិបតេយ្យ»៕
ប្រែសម្រួល ឈូក បូរ៉ា
