នយោបាយ

Full Story ៖ នាយករដ្ឋមន្រ្តីអះអាងថា កម្ពុជាលែងមានបញ្ហាអ្វីកើតឡើងទៀតហើយ ទោះមានអ្នកបង្កើតព្រឹត្តិការណ៍ថា ១២ធ្នូនេះ នឹងមានរឿង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា មានអ្នកខ្លះ ដែលជាក្រុមបក្សប្រឆាំង បាននាំគ្នាបង្អើរថា ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ នឹងមានបញ្ហាកើតឡើងហើយ ។ សម្តេចបានលើកជាចំងល់ទៅវិញថា តើមានរឿងអីកើតឡើងទៀត? ព្រោះចាប់ពីពេលនេះ ទៅកម្ពុជាលែងមានបញ្ហាអ្វីទៀតហើយ។ សម្តេចតេជោអះអាងថា មានក្រុមប្រឆាំងប៉ុន្មាននាក់ បានលើកឡើងថា រាជរដ្ឋាភិបាលនឹងដួលរលំ ។

១២ ធ្នូនេះ គឺជាថ្ងៃកំណត់របស់គណៈកម្មការអឺរ៉ុបដែលបានទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតបក្រោយបញ្ចប់របាយការណ៍បឋម ស្តីពីការផ្អាកប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទលើកលែងតែអាវុធ (EBA) បណ្តោះអាសន្ន ចាប់ពីថ្ងៃ១២ វិច្ឆិកា ដល់១២ធ្នូ។

ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យ CUS នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោបានអះអាងថា បុគ្គលម្នាក់នោះ បានចោទប្រកាន់ម្តាយក្មេកសម្តេចស្លាប់ហើយ និងថានៅថ្ងៃ១២ ធ្នូ ស្អែកនេះ រាជរដ្ឋាភិបាលនឹងដួលរលំ និងថា សម្តេចមានជំងឺជិតស្លាប់ ទៀត។ មិនដឹងជាមានមូលហេតុអ្វី បានជាទៅបង្កើត ឲ្យមានព្រឹត្តិការណ៍បែបនេះទៅវិញ ។ សម្តេចតេជោថា បើធ្វើនយោបាយចាំឲ្យគេស្លាប់នោះ មិនចាំបាច់ធ្វើទេ។

សម្តេចតេជោបញ្ជាក់ថា “មិនដឹងវាផ្អើលស្អីវា វាថ្ងៃទី១២ធ្នូនេះ នឹងមានរឿងអ្វីកើតឡើង។ ចាំមើលថ្ងៃ១២ នេះមានស្អី ។ ផ្តាំទៅស្រុកខ្មែរលែងមានអ្វីទៀតហើយ ពីនេះរហូតតទៅលែងមានអ្វីទៀតហើយ ។ មានអ្នកខ្លះហៅមកស្រុកកំណើតវិញ គេឆ្លើយតបមកថា ចាំរង់ចាំមើលថ្ងៃ១២ ធ្នូនេះសិន នឹងមានអ្វីកើតឡើង”។

ជាមួយគ្នានេះ សម្តេចតេជោផ្ញើសារ ទៅកាន់អតីតបក្សប្រឆាំង នៅខេត្តព្រៃវែង និងកំពង់ឆ្នាំង ឲ្យមានការប្រុងប្រយ័ត្នបន្តិចទៅ កុំចេះតែធ្វើអ្វីផ្តេសផ្តាស។ ក្នុងនោះសម្តេចផ្តាំឲ្យ អភិបាលខេត្តកំពង់ឆ្នាំ ឈួរ ចាន់ឌឿន ឲ្យពិនិត្យមើលក្រុមប្រឆាំងផង។

នាយករដ្ឋមន្រ្តីបន្តថា សម្រាប់ថ្ងៃ១២ ធ្នូនេះ អ្វីដែលសម្តេចកំពុងតាមដានមើលនោះ គឺការបោះឆ្នោតនៅអង់គ្លេស ដែលដកខ្លួនចេញពីសហភាពអឺរ៉ុប ដែលរឿងនេះ មិនមែនជារឿងរបស់គេទេ ប៉ុន្តែពាក់ព័ន្ធជាមួយកម្ពុជាផងដែរ។ ព្រមទាំងតាមដានរឿងសភាអាមេរិក ដកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកស្រី អួង សានស៊ូជី ទៅការពារខ្លួនឯង នៅតុលាការក្រុងឡាអេទេ មិនមែនទៅគិតរឿងដែលគេថា សម្តេចតេជោនឹងរលំនៅថ្ងៃ១២ ធ្នូនេះទេ ។

សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា “ទៅជាឆ្កួតអីចឹងទៅ អានេះចាំបណ្តាក់ខ្ចង ។ខ្ញុំថា គួរតែប្រមូលពួកអាចង្រៃៗនិយាយ មកផ្តុំឲ្យវាស្តាប់សំឡេងពួកវានិយាយខ្លួនឯង” ។

ទន្ទឹងនឹងនេះដែរ សម្តេចតេជោ បានឲ្យអតីតមន្រ្តីបក្សប្រឆាំងម្នាក់ ដែលកំពុងរស់នៅក្រៅប្រទេស ឲ្យប្រយ័ត្នប្រយែងពាក្យសំដីផង ព្រោះប្រពន្ធរកស៊ីដូរលុយនៅផ្សារថ្មី ហើយកូនស្រីម្នាក់ឈ្មោះស្រី ពេជ្រ ក៏បានដើរយប់ជ្រៅៗផងដែរ។

សម្តេចថា ដូច្នេះបើមានពេលទំនេរ យកពេលវេលាមកប្រដៅកូនស្រីផង កុំចេះតែមកចោទ និងរិះគន់រាជរដ្ឋាភិបាល ។

ក្រៅពីការវាយប្រហារ លើក្រុមប្រឆាំងហើយ សម្តេចតេជោ ក៏ងាកមកសរសើរលោក ជា ប៉ូច អតីតតំណាងរាស្រ្តCNRPថា កំពុងរកស៊ីជួញដូរដីធ្លីមានជីវភាពធូរធារ ហើយរស់នៅយ៉ាងសុខសប្បាយ ព្រមជាមួយកូនស្រី ដែលជាប់និទ្ទេស A កាលពីប៉ុន្មានកន្លងមកនេះ ។

សម្តេចថា កូនស្រីលោក ជា ប៉ូច ក៏កំពុងសិក្សានៅបរទេស ហើយលោកក៏បានចេញ-ចូល ទៅលេងកូនស្រីជាប្រចាំផងដែរ ដោយមិនខ្វល់ពីអ្វីទាំងអស់។

ចំណុចនេះ សម្តេចបានសរសើរបន្តថា លោក ជា ប៉ូច ខុសពីអតីតមន្រ្តីបក្សប្រឆាំងផ្សេងទៀត ដែលមិនធ្វើអ្វីចាំតែរិះគន់ និងវាយប្រហារ មកលើរាជរដ្ឋាភិបាល ៕

To Top
×