នយោបាយ

សម្តេចតេជោ៖ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ និងគ្មាន ប្រជាធិបតេយ្យដែរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសជាថ្មីថា ទោះបីលះបង់ ក្នុងតម្លៃណាក៏ដោយ ក៏ត្រូវតែរក្សាសន្តិភាព និងស្ថិរភាព នយោបាយឲ្យបាន ខណៈកម្ពុជាធ្លាប់បានហែល ឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និងវិនាស សកម្មហួសពីអ្វី ដែលអាចទទួលយកបាន។

សម្តេចតេជោបន្តថា បើគ្មានសន្តិភាពទេ គឺគ្មានការអភិវឌ្ឍនោះទេ ,គ្មានសន្តិភាព ក៏មិនមានប្រជាធិបតេយ្យដែរ ព្រោះកម្ពុជាបានឆ្លងកាត់ នូវសង្រ្គាមជាច្រើមកហើយ ដែល បានបំផ្លិចបំផ្លាញអ្វីៗទាំងអស់ ធ្លាក់ដល់ចំណុចសូន្យ។

នេះជាការឆ្លើយតប របស់សម្តេចតេជោ ទៅកាន់បុគ្គលមួយចំនួន ក៏ដូចជាប្រទេស មហាអំណាចខ្លះៗដែរ ដែលពួកគេចង់បាន ការគោរពសិទ្ធិមនុស្ស ជាងចង់បានការរក្សាសន្តិភាព។

ក្នុងឱកាសអញ្ជើញបើក ពិធីបុណ្យសមុទ្រ លើកទី៨ ក្នុងជុំទី២ នាខេត្តកំពត នៅរាត្រីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ បានថ្លែងបញ្ជាក់ថា “កម្ពុជាបានបាត់បង់ជីវិត មនុស្សរាប់លាន នាក់មនុស្សពិការ កុមារកំព្រា ច្រើនណាស់ ដែលយើងត្រូវដោះស្រាយ។ ឆ្នាំ១៩៧៩ យើងមានតែបាតដៃទទេ ដូច្នេះយើងមិនអាច ឲ្យអ្នកណាមួយបំផ្លិចបំផ្លាញ យើងបានតទៅទៀតទេ ដោយតម្លៃណាក៏ដោយ ត្រូវការពារសន្តិភាព ឲ្យបានសិន”។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា ដោយសារធ្លាប់ជួប រឿងរ៉ាវពីអតីតកាល ទើបកម្ពុជាខិតខំប្រឹងប្រែង រក្សាសន្តិភាព ប៉ុន្តែបែរជាទទួលការប្រមាថ មាក់ងាយពីមជ្ឈដ្ឋាន ខាងក្រៅទៅវិញ។

សម្តេចតេជោបន្ថែមថា “យើងមិនអាចទទួលយកបានទេ ពីការប្រមាថណាមួយ នូវអ្វីដែលយើងបានធ្វើ ដើម្បីសន្តិភាព តែទទួលបានការប្រមាថ ពីមជ្ឈដ្ឋានខ្លះ ។ ដែលយើងមិនយល់ព្រម ព្រោះរឿងទាំងនេះ វាចង្អុលបង្ហាញសម្រាប់កម្ពុជា ពីអតីតកាលសង្រ្គាម ក្នុងឆ្នាំ១៩៧០ ដល់១៩៧៥ ពីសម័យប៉ុលពត បើកុំមានសង្រ្គាម នៅឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ ក្នុងឆ្នាំ១៩៧៥ ដល់១៩៧៩ដែរ”។

សម្តេចតេជោបន្តថា សង្រ្គាមបានបន្តមកដល់ ឆ្នាំ១៩៩៨ ទើបបញ្ចប់ ដោយក្មេងជំនាន់ក្រោយ ដូច្នេះ បើគ្មានសន្តិភាព ក៏គ្មានប្រជាធិបតេយ្យដែរ។

នាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា “ដំណើរការលទ្ធិប្រជា ធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស វាជាផ្នែកមួយ ដើម្បីរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍផងដែរ។ អំពើរំលោភ សិទ្ធិមនុស្ស វាជាការបំផ្លិចបំផ្លាញសន្តិភាព ត្រឡប់ទៅវិញ។ ទន្ទឹងនឹងការរក្សាសន្តិភាព យើងក៏ឲ្យតម្លៃ ទៅលើការអភិវឌ្ឍ ទៅលើដំណើរការប្រជាធិបតេយ្យ និងការគោរព សិទ្ធិមនុស្ស។ ដើម្បីរក្សាសន្តិភាព និងធ្វើឲ្យសន្តិភាពយើង រឹងប៉ឹង មិនមែនគ្រាន់តែ ពាក្យសន្តិភាព គ្មានការគំរាមកំហែង នៃសង្រ្គាមកាប់សម្លាប់ ប៉ុន្តែវាជាសន្តិភាព ផ្លូវចិត្តផងដែរ”។

នាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា កម្ពុជាមិនអាចទទួលយក សារនយោបាយណាមួយ ដែលមានបំណងបំផ្លាញសន្តិភាព និងទប់ស្កាត់អ្នកមានបំណង បំផ្លាញសន្តិភាព៕

To Top
×