ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពត ដង្ហែរពានជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២

កំពត: លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំង ព្រមទាំងអ្នកពាក់ព័ន្ធ យ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ បានដង្ហែរក្បួន នៅលើផ្លូវសាធារណៈ ក្នុងក្រុងកំពត ដើម្បីអបអរពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ ស្អាតអាស៊ានលើកទី២ ដែលរដ្ឋបាលខេត្តកំពត ទទួលបានកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ នៅរដ្ឋធានីបង់ដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រុយណេដារ៉ូសាឡឹម។

ក្នុងឱកាសដង្ហែក្បួននោះ លោកអភិបាលខេត្ត ជាវ តាយ បានលើកឡើងថា: ពាក់ព័ន្ធពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២  ដែលក្រុងកំពតទទួលបាន កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ នៅរដ្ឋធានីបង់ដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រុយណេដារ៉ូសាឡឹម គឺជាមោទនភាពសម្រាប់ ប្រជាជននិងរដ្ឋបាលខេត្តកំពត ហើយក៏មិនមែនបានមកដោយភាព ចៃដន្យនោះទេ តែវាពិតជាកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុតរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កិច្ចសហការល្អនិងការចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក ប្រតិបត្តិករ ក្នុងអាជីវកម្មសេវាកម្មផ្សេងៗ បងប្អូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធនានាក្នុងការជំរុញ និងរួមគ្នាធ្វើការអភិវឌ្ឍន៍ក្រុងរបស់យើង ដើម្បីឆ្លើយតប ទៅនិងលក្ខណៈវិនិច្ឆ័យដែលបានកំណត់មានសុចនាករគោលចំនួន៧ សុចនាករលម្អិតចំនួន២៨ និង១០៨ លក្ខណៈវិនិច្ឆ័យ ដែលទាមទារឲ្យក្រុងខណ្ឌបេក្ខភាព ត្រូវតែបំពេញឱ្យខាងតែបាន តាមលក្ខខណ្ឌវិនិច្ឆ័យនេះ។ 

លោកអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្តកំពត ក៏សូមធ្វើការអំពាវនាវ ដល់គ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ផ្នែកឯកជន សង្គមស៊ីវិល គ្រប់ភាគីពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី គ្រូបង្រៀន សិស្ស និស្សិត ព្រះសង្ឃ និងអ្នកដឹកនាំសាសនាផ្សេងៗ ព្រមទាំងភាគីពាក់ព័ន្ធនានា មេត្តាចូលរួមបន្តការគាំទ្រ និងចូលរួមអនុវត្តឲ្យបានផុលផុសថែមទៀតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ សំដៅធានាបាននូវភាពស្អាត និងបៃតង ព្រមទាំងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញផងដែរ៕ ដោយ: វ៉ាន់ ឌឿន

To Top