ព័ត៌មានជាតិ

ក្រុមហ៊ុនទឹកពិសា វីតាល់ នាំបុគ្គលិកនិងកម្មករ ជាង៣០០នាក់ ទៅកម្សាន្ត នៅប្រទេសម៉ាឡេស៊ី និងសឹង្ហបុរី

ភ្នំពេញ ៖ ក្រុមហ៊ុនទឹកពិសាវីតាល់ បានរៀបចំដំណើរកម្សាន្ត ទៅបរទេស ជូនបុគ្គលិកប្រមាណ ជាង៣0០នាក់ ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការរីកចម្រើន ក្នុងការវិនិយោគលើវិស័យ ផលិតទឹកពិសានៅក្នុងប្រទេសកម្ពុជា ក្រោមប្រធានបទ “១០ជំហាន កាន់តែខ្ពស់ កាន់តែធំ” ។

“១០ជំហាន កាន់តែខ្ពស់កាន់តែធំ” ជាខ្លឹមសារមួយ ដែលក្រុមហ៊ុន ចង់បង្ហាញអំពីការឆ្ពោះទៅមុខរបស់ក្រុមហ៊ុន និងការតាំងចិត្ត ដើម្បីភាពអស្ចារ្យ ក្នុងដំណើរកម្សាន្តរួមគ្នា ជាគ្រួសារតែមួយ ។ ការរៀបចំដំណើរកម្សាន្តនេះ ធ្វើឡើងក្នុងឱកាសខួប ១០ឆ្នាំនៃក្រុមហ៊ុន ដើម្បីថ្លែងអំណរគុណ និងតបស្នងទៅដល់បុគ្គលិកវីតាល់ ដែលបានខិតខំប្រឹងប្រែងចំណាយទាំងកម្លាំងកាយ និងកម្លាំងចិត្តធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកមួយនេះ មានដំណើរការបានល្អឈានមុខគេក្នុងផ្នែកផលិតទឹកពិសា។

ក្រុមហ៊ុនទឹកពិសាវីតាល់បានបញ្ជាក់ថា បើនិយាយពីដំណើរកម្សាន្តទៅបរទេស ប្រហែលជារឿងធម្មតាសម្រាប់បងប្អូន ដែលមានលទ្ធភាពនាពេលបច្ចុប្បន្ន ។ ប៉ុន្តែសម្រាប់បងប្អូនកម្មករ ឬបុគ្គលិកមួយចំនួន យើងគិតថា នេះ ជាក្តីស្រមៃមួយរបស់ពួកគាត់ ។ យើងក្នុងនាមជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលពឹងផ្អែកលើកម្លាំង និងគំនិត របស់គាត់មានទស្សនៈ ចូលរួមចង់បំពេញក្តីស្រមៃ របស់ពួកគាត់ឲ្យក្លាយជាការពិត។

ដំណើរកម្សាន្តនេះ មានរយៈពេល៤យប់ ៥ថ្ងៃក្នុងប្រទេសម៉ាឡេស៊ី និងសឹង្ហបុរី ដែលក្រុមហ៊ុនទឹកពិសាវីតាល់ ទទួលរ៉ាប់រងរាល់ការចំណាយទាំងអស់ របស់កម្មករ និងបុគ្គលិក រួមមានសំបុត្រយន្តហោះ ការស្នាក់នៅ ការធ្វើដំណើរក្នុងតំបន់ និងការបរិភោគ ។ ដំណើរកម្សាន្តនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រុមហ៊ុនទឹកពិសាវីតាល់ ជាក្រុមហ៊ុនផលិតទឹកពិសា ក្នុងស្រុកដែលបានបង្កើតឡើងក្នុងឆ្នាំ២០១០ ដោយអ្នកវិនិយោគទុនជនជាតិខ្មែរ ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជាតិ ផលិតផលក្នុងស្រុក ចូលរួមចំណែកក្នុងសកម្មភាពសង្គម និងទីផ្សារការងារក្នុងប្រទេស ។ នាពេលបច្ចុប្បន្ន ទឹកពិសាវីតាល់ទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំង ពីបងប្អូនប្រជាពលរដ្ឋខ្មែរ សឹងតែគ្រប់ដណ្តប់ទូទាំងប្រទេសកម្ពុជា ៕

To Top