ព័ត៌មានជាតិ

សម្ដេច សាយ ឈុំ ស្នើអូស្រ្តាលី ជួយលើកទឹកចិត្តអ្នកវិនិយោគខ្លួន មកបណ្តាក់ទុននៅកម្ពុជា

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានស្នើឲ្យអូស្រ្តាលី ជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរ មកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត ពីព្រោះកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌ ជាច្រើន។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាប្លូ ជីហូ កាង (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ សម្តេច សាយ ឈុំ ថ្លែងអំណរគុណ រដ្ឋាភិបាលអូស្ដ្រាលី តែងតែផ្តល់ជំនួយឥតសំណង ជំនួយសង្រ្គោះបន្ទាន់ ដូចជា ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ព្រមទាំងធ្វើឲ្យកម្ពុជាមានការរីកចម្រើន។

សម្ដេចមានប្រសាសន៍ថា «ស្នើឯកអគ្គរដ្ឋទូតអូស្រ្តាលី ជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគទុន និងអ្នកទេសចរអូស្រ្តាលី មកបណ្តាក់វិនិយោគ និងធ្វើទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត ពីព្រោះប្រទេសកម្ពុជា សំបូរទៅដោយសម្បត្តិវប្បធម៌ រមណីយដ្ឋាន និងធនធានធម្មជាតិជាច្រើន»។

ចំណែក ទូតអូស្រ្តាលី បានឲ្យដឹងថា សកម្មភាពនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍ និងជំនួយរបស់អូស្ត្រាលី នឹងធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងអាទិភាពថ្មីៗ របស់កម្ពុជា ដូចជា បញ្ហាយេនឌ័រ និងពិការភាព។

ទូតអូស្ដ្រាលី រំលឹកថា ចាប់តាំងពីទស្សវត្ស៩០មក មានសកម្មភាពជាច្រើន ទាក់ទងនឹងគម្រោងអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះ អូស្ត្រាលីនៅតែបន្តគាំទ្រ ការបោសសម្អាតមីន វិស័យសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យផ្សេងៗទៀត ៕ ដោយ ៖ អេង ប៊ូឆេង

To Top