ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ នឹងជួប លោក ផាន់ វណ្ណារ៉េត ដែលជនអនាមិក ប្រើអខោនគំរាមសម្លាប់លោក

ភ្នំពេញ ៖ ក្រោយមានការភ័ន្តច្រឡំគ្នា លើការគំរាមសម្លាប់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងលោក ផាន់ វណ្ណារ៉េត នឹងជួបគ្នានៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះ ដើម្បីសហការស្វែងរក ជនយកឈ្មោះលោក ផាន់ វណ្ណារ៉េត មកគំរាមសម្លាប់លោកពេជ្រ ស្រស់ និងឈានទៅដាក់ពាក្យបណ្តឹង លើជនអនាមិកនោះផងដែរ ។

កាលពីថ្ងៃ៦ កុម្ភៈ មានអាខោន Facebook ឈ្មោះ វណ្ណារ៉េត ផាន់ បានផ្ញើសារ មកគំរាមសម្លាប់លោក ពេជ្រ ស្រស់ ក្រោយលោកស្នើលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពន្លឿនឲ្យចាប់ឃាតក បាញ់សម្លាប់គូដណ្តឹងខ្លួនឯង កាលពីពេលកន្លងទៅ ។

ដោយសារឃើញសារ គំរាមសម្លាប់បែបនេះ លោក ពេជ្រ ស្រស់ ប្រកាសដាក់ពាក្យបណ្តឹង ប៉ុន្តែលោក ផាន់ វណ្ណារ៉េត បានចេញមកបដិសេធថា ខ្លួនមិនបានផ្ញើសារគំរាមសម្លាប់ឡើយ។

ក្រោយមានការភ័ន្តច្រឡំបែបនេះ លោក ផាន់ វណ្ណារ៉េត ប្រកាសសហការរីករាយជាមួយ លោក ពេជ្រ ស្រស់ ដើម្បីរកបុគ្គលគំរាមសម្លាប់លោក ពេជ្រ ស្រស់ ៕

To Top