ព័ត៌មានជាតិ

និស្សិតកម្ពុជា១២រូប នឹងទៅទស្សនកិច្ចនៅជប៉ុន​ ចាប់ពីថ្ងៃទី៨ -១៨ កុម្ភៈ​

ភ្នំពេញ​ ៖​ ​តាមរយៈការអញ្ជើញរបស់ ក្រសួងការបរទេសជប៉ុន និស្សិតកម្ពុជាចំនួន១២រូប មកពី៧សាកលវិទ្យាល័យ រួមជាមួយនឹង និស្សិតបណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ២០២០ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត ​​និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត ដែលហៅកាត់ថា JENESYS 2019។

យោងតាម​ សេចក្ដីប្រកាស​ព័ត៌មាន​ របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា​  ដែល​មជ្ឈមណ្ឌល​ព័ត៌មានដេីមអម្ពិល​ ទទួលបាន​ នៅរសៀលថ្ងៃទី៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ បានឲ្យដឹងថា​

និស្សិតប្រតិភូ នឹងត្រូវបែងចែកជា៥ក្រុម ទៅតាមប្រធានបទផ្សេងៗដូចជា​ ,ទី ១- វិស័យ ទេសចរណ៍ និងការអភិវឌ្ឍទេសចរប្រកបដោយចីរភាព ,ទី២-ពលករអន្តោប្រវេសន៍ ,ទី៣-ការអប់រំប្រកបដោយគុណភាព ,ទី៤- ការខ្ជះខ្ជាយអាហារ និងទី៥-ការយល់ដឹងអំពីការកាត់បន្ថយគ្រោះមហន្តរាយ។

ផ្ទាំងពាណិជ្ជកម្ម

ទូតជប៉ុនបន្ដ​ថា​ ពួកគាត់ នឹងស្វែងយល់កាន់តែស៊ីជម្រៅលើបញ្ហានីមួយៗ តាមរយៈការពិភាក្សា ការចូលរួមសិក្ខាសាលាដែលឧទេ្ទសនាមដោយអ្នកឯកទេស និងទស្សនកិច្ចនៅទីកន្លែងមួយចំនួនជាមួយនិស្សិតប្រតិភូមកពី  បណ្តាប្រទេសអាស៊ាន និងជប៉ុន។  ពួកគាត់ ក៏នឹងមានឱកាសទទួលបានបទពិសោធន៍ពីវប្បធម៌ជប៉ុនផងដែរ។

សូមរំលឹកថា​ កម្មវិធី JENESYS មានគោលបំណងជម្រុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម  និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។​  តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២១០០នាក់ហើយ តាំងពីឆ្នាំ២០០៧មក៕ ដោយ​  អេង​   ប៊ូឆេង​

To Top