ព័ត៌មានជាតិ

រដ្ឋបាល រាជធានីភ្នំពេញ នឹងបើកការដ្ឋាន ស្ថាបនាផ្លូវ ប្រវែងជាង១០គីឡូម៉ែត្រ អមសងខាងផ្លូវ រថភ្លើងចាប់ពីផ្លូវ ២៨៩ រហូតដល់វិថីវិមាន ឈ្នះឈ្នះ

ភ្នំពេញ៖ ដើម្បីសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ បានធ្វើដំណើរ ជាពិសេសកាត់បន្ថយ ការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី អាជ្ញាធររាជធានីភ្នំពេញ គ្រោងនឹងបើកការដ្ឋាន ស្ថាបនាផ្លូវបេតុងអារមេ អមសងខាងផ្លូវរថភ្លើង ចាប់ពីផ្លូវ ២៨៩ រហូតដល់ វិថីវិមានឈ្នះឈ្នះ ដែលមានប្រវែង ប្រមាណជាង ១០ គីឡូម៉ែត្រ ដោយមានទទឹង៧ម៉ែត្រ សងខាងផ្លូវ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញបាន បញ្ជាក់កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ថា គម្រោង នៃការស្ថាបនាផ្លូវ អមសងខាងផ្លូវ រថភ្លើងខាងលើនេះ នឹងធ្វើឡើង ដោយមានទទឹង ៧ម៉ែត្រ ដោយទុកចំណែកផ្លូវរថភ្លើងទទឹង ១២ម៉ែត្រ នៅចំកណ្តាល ដោយនឹង ចំណាយថវិកា ប្រមាណ ជាជាង៣០លានដុល្លារ អាមេរិក បូករួមទាំងការដាក់លូ អមសងខាងផ្លូវ ការធ្វើចិញ្ចើមផ្លូវ ការបំពាក់បង្គោលភ្លើងអគ្គិសនី រួមជាមួយនឹងការចាក់ដី បំពេញបន្ថែមផងដែរ។
លោកបានបញ្ជាក់ថា ក្នុងចំនួនទឹកប្រាក់ខាងលើនេះ គឺមិនបានគិតពីផលប៉ះពាល់ លំនៅឋានប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់នៃគម្រោងនេះផងទេ ។

លោកប្រធានមន្ទីរ ក៏បានបញ្ជាក់ផងដែរថា គម្រោងនេះ គឺបានឯកភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយ នឹងរដ្ឋបាលរាជធានីភ្នំពេញ រួចហើយ ដោយរដ្ឋបាល រាជធានីភ្នំពេញ និងធ្វើការស្ថាបនាផ្លូវនេះ នៅតំបន់ណា ដែលមិនប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋ ហើយគម្រោងនេះដែរ អាចដំណើរការ ក្នុងពេលដ៏ខ្លីខាងមុខនេះ ពោលគឺ គម្រោងនេះ នឹងប្រើប្រាស់រយៈពេល ១៦ ខែ ដោយប្រើប្រាស់ថវិកា ប្រមាណជាជាង ៣៥ លានដុល្លារសហរដ្ឋអាមេរិក ។ ក្រោយពីការស្ថាបនាហើយ កំណាត់ផ្លូវថ្មីនេះនឹងកាត់បន្ថយ ការកកស្ទះចរាចរណ៍ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី បានប្រមាណជា៣០ភាគរយផងដែរ ។

បើតាមការបញ្ជាក់ ពីអាជ្ញាធរដែនដី បានបញ្ជាក់ឲ្យដឹងថា ផលប៉ះពាល់នៅខាង ប្រជាពលរដ្ឋទៅលើគម្រោងនេះ គឺបានដោះស្រាយជាបណ្ដើរហើយ ។ ក្នុងនោះសម្រាប់សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្នុងចំណោមប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ជាង២០០គ្រួសារ ដោះស្រាយស្ទើរតែអស់ទៅហើយ ពោលគឺនៅតែចំនួន១២គ្រួសារប៉ុណ្ណោះ ។

ទាក់ទិនករណីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរដែនដី និងមន្ទីរពាក់ព័ន្ធ ត្រូវចុះសិក្សាបន្ថែម ដោយលោក បានណែនាំ អោយលោកអភិបាលរង រាជធានីភ្នំពេញ ១រូប គឺ លោក ស៊ុយ សេរិទ្ធ ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងអាជ្ញាធរ ចុះធ្វើការសិក្សាពីផលប៉ះពាល់ ជាបន្ទាន់ ដើម្បីចងក្រង ជារបាយការណ៍មួយ ហើយនឹងចុះសហការជាមួយ នឹក្រសួងសាធារណការ និងដឹកជញ្ជូនចុះពិនិត្យ ជាក់ស្តែងម្ដងទៀតនៅថ្ងៃទី ១២ ខែកុម្ភៈខាងមុខនេះ ៕ ដោយ៖ ដារ៉ាត់

To Top