ព័ត៌មានជាតិ

អូស្រ្តាលី នឹងរៀបចំទស្សនកិច្ច សិក្សារយៈពេលខ្លី ជូនមន្រ្តីពាក់ព័ន្ធ វិស័យសំណង់ របស់កម្ពុជា

ភ្នំពេញ ៖ លោក ប៉ាប្លូ ជីហូកាង (H.E.Mr. Pablo Chiho Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអូស្រ្តាលី នឹងរៀបចំដំណើរទស្សនកិច្ច សិក្សាជូនមន្រ្តីពាក់ព័ន្ធ នឹងវិស័យសំណង់ របស់កម្ពុជា ដើម្បីទទួលបានការស្វែង យល់បន្ថែម ចំពោះសុវត្ថិភាពសំណង់ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបររវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបទេស ខ្មែរ និងលោក ប៉ាប្លូ ជីហូកាង (H.E.Mr. Pablo Chiho Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា ឯកអគ្គរដ្ឋទូត អូស្រា្តលី បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី ពីការសម្រេចរៀបចំទស្សនកិច្ច សិក្សាសម្រាប់មន្រ្តីពាក់ព័ន្ធ នឹងវិស័យសំណង់ ដើម្បីស្វែងយល់បន្ថែមទៀត នូវសុវត្ថិភាពសំណង់ ។

លោក កុយ គួង បញ្ជាក់ថា “ឯកឧត្ដមទូត ក៏បានលើកឡើងថា កន្លងមកឯកឧត្ដម បានជួបជាមួយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលឯកឧត្ដមមានគំនិតផ្ដួចផ្ដើមឲ្យមាន ក្រមសុវត្ថិភាព ផ្នែកសំណង ឯកឧត្តមទូតក៏បានផ្ដើមឲ្យមានទស្សនកិច្ចសិក្សា ទៅប្រទេសអូស្ត្រាលី ដោយកមន្ត្រីពីក្រសួងពាក់ព័ន្ធ ដូចជាក្រសួងដែនដី ក្រសួងបរិស្ថានអាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ឲ្យទៅទស្សនកិច្ចសិក្សាប្រហែល ៣សប្ដាហ៍ ដើម្បីសិក្សាធ្វើយ៉ាងណា ឲ្យការសាងសង់ទៅថ្ងៃអនាគត់ ឲ្យមានសុវត្ថិភាពបន្ថែមទៀត” ។

លោកបន្តថា ទស្សនកិច្ចសិក្សានេះពុំទាន់បានបញ្ជាក់ អំពីកាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែជាកាគ្រោងទុកទស្សនកិច្ច សិក្សានេះអាចធ្វើឡើង រយៈពេល៣សប្តាហ៍។
លោក កុយ គួង លើកឡើងថា ភាគីទាំងពីរក៏បានសន្យា ជំរុញឲ្យប្រទេសទាំងមាន កិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម ។

លោកបន្ថែមថា ភាគីទាំងពីរក៏បានពិភាក្សា ពីវិស័យដោះមីន ដែលកន្លងអូស្ត្រាលីបាន ជួយដល់ការដោះមីននៅកម្ពុជាច្រើន ចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ ហើយឆ្នាំ២០២០នេះ អូស្ត្រាលីនឹងផ្ដល់ជំនួយ ១០លានដុល្លារថែមទៀត ។ លោកទូតថា ធ្វើយ៉ាងណាជំរុញឲ្យវិស័យដោះមីននេះ សម្រេចបានតាមផែនការ របស់រាជរដ្ឋាភិបាលដែលកំណត់ថា ឆ្នាំ២០២៥ ឲ្យអស់គ្រាប់មីន ។

លោកទូតក៏បានចាប់អារម្មណ៍ លើវិស័យដឹកជញ្ជូននៅកម្ពុជា ហើយសន្យាថា នឹងជំរុញឲ្យអ្នកវិនិយោគអូស្ត្រាលី មកវិនិយោគលើវិស័យនេះ ។

សូមរំលឹកថា បើតាមរបាយការណ៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០១៩ ទិន្នន័យសំណង់ ទូទាំងប្រទេសមានចំនួន ៤,៤៤៦គម្រោង ក្រោមទុនវិនិយោគប្រមាណ ៩ពាន់លានដុល្លារ ដែលកើនឡើងប្រមាណ៧៨,៨៨ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ជាមួយគ្នានេះសំណង់ផ្សេងៗនៅក្នុងកម្ពុជា ក្នុងឆ្នាំ២០១៩ បានហក់ឡើងខ្ពស់ជិតទ្វេដង បើធៀបនឹងឆ្នាំ២០១៨ កន្លងទៅ។

របាយការណ៍បង្ហាញទៀតថា ក្នុងឆ្នាំ២០១៩ គម្រោងអគារខ្ពស់ៗនៅកម្ពុជា ចាប់ពី៥ជាន់ឡើង មានចំនួន ៤៣២ គម្រោង ស្មើនឹង៤៣៦អគារ (ខេត្តព្រះសីហនុ មានគម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងចំនួន២០៣អគារ) ក្នុងនោះពី៥ជាន់ទៅ៩ជាន់ មានចំនួន២០៨អគារ ពី១០ជាន់ ទៅ១៩ជាន់ មានចំនួន១៣៥អគារ ពី២០ជាន់ ទៅ២៩ជាន់ មានចំនួន ៥៧អគារ ពី ៣០ជាន់ ទៅ៣៩ជាន់ មានចំនួន២៣អគារ ពី៤០ជាន់ ឡើងទៅមានចំនួន១៣អគារ ៕

ដោយ៖ខាដា

To Top