ព័ត៌មានជាតិ

អាជ្ញាធរខេត្តជាប់ព្រំដែន វៀតណាម ត្រូវទប់ស្កាត់នាំជ្រូកខុសច្បាប់ ព្រោះអាចឆ្លងជំងឺ ប៉េស្តជ្រូកនៅកម្ពុជា

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទ បានស្នើឲ្យអាជ្ញាធរ ខេត្តជាប់ព្រំដែនវៀតណាម ត្រូវជួយទប់ស្កាត់ការ នាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូក ខុសច្បាប់ ពីវៀតណាម ព្រោះអាចបណ្តាលឲ្យឆ្លងជំងឺ ប៉េស្តជ្រូកអាហ្វ្រិក (ASF)នៅកម្ពុជា ខណៈវៀតណាមកំពុងផ្ទុះជំងឺនេះ ។

តាមលិខិត របស់ក្រសួង កសិកម្ម កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ លោក វេង សាខុន បានឲ្យដឹងថា ខេត្តជាប់ព្រំដែន វៀតណាម ដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងរាលដាលក្នុងលក្ខណៈទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរដល់កម្ពុជា គឺខេត្តដាក់ណុងជាប់ខេត្តមណ្ឌលគិរី , ខេត្តយ៉ាឡាយ ជាប់ខេត្តរតនគិរី , ខេត្តដុងថាប់ជាប់ខេត្តព្រៃវែង , ខេត្តកៀនយ៉ាងជាប់ខេត្តកំពត , ខេត្តតៃនិញជាប់ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង , ខេត្តឡុងអាន ជាប់ខេត្តស្វាយរៀង , ខេត្តប៊ិញភូ ជាប់ខេត្តក្រចេះ , ខេត្តអានយ៉ាង ជាប់ខេត្តតាកែវ និងខេត្តកណ្តាល ។

លោកបញ្ជាក់ថា «ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺនេះ ពីប្រទេសជិតខាងចូលមកកម្ពុជា និងបង្ការការខាតបង់យ៉ាងធ្ងន់ធ្ងរ ដល់អ្នកចិញ្ចឹមជ្រូក ព្រមទាំងធានាបាន នូវគុណភាព សុវត្ថិភាពសត្វជ្រូក សាច់ជ្រូក ផលិតផលសាច់ និងការពារដល់សុខភាព សាធារណៈនោះ ក្រសួងកសិកម្ម ស្នើរដ្ឋបាលខេត្តជាប់ព្រំដែន ប្រទេសវៀតណាម ជួយទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ ពីប្រទេសវៀតណាម ដែលអាចបណ្តាលឲ្យឆ្លងរាលដាល ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) នៅកម្ពុជា»។

សូមបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) កំពុងបន្តឆ្លងរាលដាលនៅក្នុងពិភពលោក និងបានឆ្លងរាលដាលចូល ក្នុងបណ្តាប្រទេសនៅតំបន់អាស៊ី ក្នុងនោះ មានប្រទេសចិន និងអាស៊ីអាគ្នេយ៍ រួមមាន ៖ វៀតណាម មីយ៉ាន់ម៉ា និងកម្ពុជាផងដែរ។ សព្វថ្ងៃវៀតណាម កំពុងផ្ទុះជំងឺនេះ ក្រោយរកឃើញម្តងទៀតនៅថ្ងៃ៤ ឧសភាបន្ទាប់ពីបានផ្ទុះនៅវៀតណាម លើកដំបូងស្ទើរតែពាសពេញ ផ្ទៃប្រទេសនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ៕

To Top