ព័ត៌មានជាតិ

វៀតណាម បង្កើតយុន្ធនាការដំបូងគេបង្អស់ ដើម្បីលុបបំបាត់ ការជួញដូរ និងបរិភោគសាច់សត្វសុនខ និងសត្វឆ្មា

ភ្នំពេញ ៖ ជាប្រវត្តិសាស្ត្រក្នុងកិច្ចព្រមព្រៀងរបស់គណៈកម្មាធិការប្រជាជននៃទីក្រុង Hoi An ប្រទេសវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីកាត់ផ្តាច់និងលុបបំបាត់ការបរិភោគសាច់សត្វឆ្កែ និងសាច់សត្វឆ្មាចេញពីទីក្រុង។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ពួកគេបានធ្វើការរួមគ្នាជាមួយអង្គការ FOUR PAWS ដែលជាអង្គការសុខុមាលភាពសត្វពិភពលោកលើកិច្ចព្រមព្រៀងមួយនេះ។

នេះជាលើកទីមួយក្នុងប្រទេសវៀតណាម ដែលទីក្រុងមួយនេះបានចាត់វិធានការយ៉ាងម៉ឹងម៉ាត់បែបនេះ ដើម្បីបញ្ចប់នូវការជួញដូរសាច់សត្វឆ្កែ និងសាច់សត្វឆ្មា។ កិច្ចព្រមព្រៀងនេះមានរយៈពេលពីរឆ្នាំ ហើយនឹងត្រូវបានចាប់ផ្តើមនៅចុងឆ្នាំ២០២១ នេះហើយ។ វិធានការយ៉ាងម៉ឹងម៉ាត់បែបនេះ នឹងធ្វើអោយប្រសើរឡើងនូវសុខុមាលភាពសត្វតាមរយៈកម្មវិធីចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ការក្រៀវ និងជួយក្នុងការទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗទៀត។

ទីក្រុង Hoi An គឺជាទីក្រុងមួយនៅចំកណ្តាលប្រទេសវៀតណាម ដែលត្រូវបានភ្ញៀវទេសចរណ៍ស្គាល់យ៉ាងច្បាស់ដោយសារទីក្រុងនេះជាទីក្រុងបុរាណនៃប្រទេសវៀតណាមក៏ដូចជាតំបន់ដែលត្រូវបានគេចាត់ទុកជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។

ឥឡូវនេះប្រទេសមួយនេះក៏នឹងអាចទទួលស្គាល់ដោយពិភពលោកដែលជាប្រទេស “ដែលត្រូវបានលុបបំបាត់ចេញនូវការជួញដូរសាច់សត្វឆ្កែ និងឆ្មា ហើយក៏ជាទីក្រុងសម្រាប់ភ្ញៀវទេសចរណ៍ជាច្រើនផងដែរ” តាមរយៈសកម្មភាពលុបបំបាត់ជំងឺឆ្កែឆ្កួត តាមរយៈការចាក់វ៉ាក់សាំង ការផ្តល់សេវាក្រៀវ សម្រាប់សត្វនៅក្នុងសហគមន៍របស់ពួកគេក៏ដូចជាការពង្រឹងច្បាប់ និងបទប្បញ្ញត្តិផ្សេងៗដើម្បីជួយបញ្ឈប់នៃការជួញដូរសាច់សត្វឆ្កែ និងឆ្មា និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។

លោក Nguyen The Hung ជាអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hoi An បានមានប្រសាសន៍ថា «សុខុមាលភាពសត្វមានសារៈសំខាន់ចំពោះភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ជាពិសេសនោះគឺយើងមើលឃើញថា សត្វចិញ្ចឹម កំពុងតែត្រូវបានទទួលការស្រឡាញ់ជាច្រើនពីប្រជាជនវៀតណាម ដោយពួកចាត់ទុកដូចជាសមាជិកគ្រួសារតែម្តង។ ដោយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ យើងចង់ជួយលើកកម្ពស់សុខុមាលភាពសត្វតាមរយៈការលុបបំបាត់ជំងឺឆ្កែឆ្កួត បញ្ឈប់ការជួញដូរសាច់សត្វឆ្កែ និងឆ្មា និងធ្វើឱ្យទីក្រុងក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ»។

លោក បានបន្ដថា អ្នកឯកទេសក្នុងការធ្វើដំណើរឆ្លងកាត់និងវាយតម្លៃនៃតំបន់ភាគអាគ្នេយ៍បានស្វាគមន៍យ៉ាងកក់ក្តៅនូវកិច្ចព្រមព្រៀងដ៏សំខាន់ដែលពួកគេជឿថាកិច្ចព្រមព្រៀងមួយនេះនឹងផ្តល់ប្រយោជន៍មិនត្រឹមតែនៅទីក្រុងនិងប្រជាជន Hoi An ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសវៀតណាមទាំងមូលក៏ដូចជាទេសចរណ៍ និងពាណិជ្ជកម្មផងដែរ។

តារាចម្រៀងស្រីវៀតណាម កញ្ញា Van Mai Huong ជាអ្នកតស៊ូមតិក្នុងការបញ្ឈប់ការជួញដូរសាច់សត្វឆ្កែ និងឆ្មាដ៏ឃោរឃៅនេះ ក៏បានចូលរួមក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ហើយបាននិយាយថា «ខ្ញុំមានមោទនៈភាពដែលបានចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃនេះ ក្នុងគោលបំណងធានាថាប្រទេសវៀតណាមចាប់ផ្តើមដំណើររបស់ខ្លួនដើម្បីបញ្ចប់ការជួញដូរនិងបរិភោគសត្វសត្វឆ្កែ និងឆ្មា។ នៅក្នុងសង្គមមួយនេះ សត្វឆ្កែ និងឆ្មា ត្រូវបានចាត់ទុកជាផ្នែកមួយនៃសមាជិកគ្រួសារ និងសហគមន៍របស់យើង»៕

To Top