ព័ត៌មានជាតិ

លោក ឃួង ស្រេង ស្នើទូតអារ៉ាប៊ីសាអ៊ូឌីត ជួយជំរុញវិនិយោគិន មកបណ្ដាក់ទុន នៅភ្នំពេញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឲ្យឯកអគ្គរាជទូត អារ៉ាប៊ីសាអ៊ូឌីត ជួយអំពាវនាវ ទៅដល់
វិនិយោគិន ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យមកវិនិយោគ រកស៊ីនៅ រាជធានីភ្នំពេញ ឲ្យបានច្រើន ខណៈដែលរាជធានីភ្នំពេញ បានបើកសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺកូវីដ-១៩ មានភាពធូរស្រាល ។

ក្នុងជំនួបសំដែងការគួរសម រវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហ្វាហាត់ សាអ៊ូឌ អាល់សូវៃលឹម (H.E Saul F.MAL Suwelim) ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម មាននិវសនដ្ឋាននៅទីក្រុងហាណូយ នាសាលារាជធានីភ្នំពេញ លោកអភិបាលរាជធានី បានលើកឡើងថា រាជធានីភ្នំពេញ ក៏ដូចជា ប្រទេសកម្ពុជាទាំងមូល បានបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងល្អ ដោយសារ ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន បានស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានល្អ រហូតទទួលបាន ចំណាត់ថ្នាក់លេខ៣ លើពិភពលោក និងបាន បានបើកសេដ្ឋកិច្ច ប្រទេស ឡើងវិញផងដែរ។

ទន្ទឹមនឹងនេះ លោកស្នើសូមឲ្យឯកអគ្គរាជទូត អារ៉ាប៊ីសាអ៊ូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ជួយអំពាវនាវ ទៅអ្នកវិនិយោគទុន ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត មកបណ្ដាក់ទុន រកស៊ីនៅរាជធានីភ្នំពេញ អោយបានច្រើន ដូចជាទៅលើហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត មានទាំង លូ ប្រឡាយ ទឹកជាដើម ។

ក្នុងជំនួបនេះ លោក ឃួង ស្រេង ក៏បានអរគុណ ចំពោះបំណងល្អ របស់អារ៉ាប៊ីសាអ៊ូឌីត លើការកម្ចីឥណទាន ក្នុងការកសាង នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា តាមរយៈការសម្របសម្រួល ពីលោកឧកញ៉ាអូស្មាន់ហាស្សាន់ ។

ជាមួយគ្នានោះ លោក ហ្វាហាត់ សាអ៊ូឌ អាល់សូវៃលឹម (H.E Saul F.MAL Suwelim) បានលើកឡើងដែរថា រាជធានីភ្នំពេញ ពិតជាមានភាពស្រស់បំព្រង ។ យើងបានជំរុញឲ្យមាន វិស័យទេសចរណ៍ នៃប្រទេសទាំងពីរ កម្ពុជា -អារ៉ាប៊ីសាអូឌីត មានភាពល្អប្រសើរ ដោយប្រជាពលអារ៉ាប៊ីសាអូឌីត បានមកទេសចរណ៍នៅកម្ពុជាច្រើន ហើយពលរដ្ឋកម្ពុជា ក៏បានទៅទេសចរ នៅប្រទេសអារ៉ាប៊ីសាអូឌីត ច្រើនផងដែរ ។

លោកទូត ក៏មានបំណងចង់ចងសម្ព័ន្ធភាព ឲ្យកាន់តែល្អប្រសើរ ជាមួយនឹងប្រទេសកម្ពុជា ដោយក្នុងនោះ រដ្ឋមន្ត្រីក្រសួងការបរទេស អារ៉ាប៊ីសាអូឌីត មានបំណងមក ធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាដែរ នាអំឡុងខែមីនា ឆ្នាំ ២០២២ខាងមុខ។

លោក ហ្វាហាត់ សាអ៊ូឌ អាល់សូវៃលឹម បានទទួលស្គាល់ថា កម្ពុជា គឺជាប្រទេសមួយ ដែលមានលទ្ធិប្រជាធិបតេយ្យពេញលេញ ហើយក៏ជាប្រទេសមួយទប់ស្កាត់កូវីដ-១៩ បានយ៉ាងល្អប្រសើរផងដែរ៕

To Top