ព័ត៌មានជាតិ

ផ្តន្ទាទោសអតីតសកកម្មជន អតីតគណបក្សសង្គ្រោះជាតិ ម្នាក់ដាក់គុក ១ ឆ្នាំ ពាក់ព័ន្ធបទល្មើសញុះញង់បង្ក ឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម

ភ្នំពេញ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រម និង សម្រេច ផ្តន្ទាទោស អតីតសកកម្មជនអតីត គណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ កំណត់១ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ២ លានរៀល ជាប់ពាក់ព័ន្ធបទល្មើសញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមរយៈហ្វេសប៊ុកប្រព្រឹត្ត កាលពីអំឡុងខែ មេសា ឆ្នាំ ២០២១។

សវនាការនេះ ត្រូវបានដឹកនាំធ្វើឡើង ដោយ លោកស្រី ឈុន ដាវី ជាចៅក្រមជំនុំជម្រះ និង លោព្រះរាជអាជ្ញារង ម៉ុត ដារ៉ា ជាតំណាងអយ្យការ និង មានមឲលោកស្រី ម៉ុង សៀកលីង គឺជាក្រឡាបញ្ជី សវនាការ។

លោកស្រីចៅក្រម ឈុន ដាវី បានថ្លែងអោយដឹងនៅក្នងអង្គសវនការថា ជនជាប់ចោទរូបនេះ មានឈ្មោះ វឿន វាសនា ភេទ ប្រុស កើត ឆ្នាំ ១៩៨៦ មុខរបរ អ្នកធ្វើចំការ មានទីលំនៅ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ជនជាប់ចោទមានឈ្មោះ វឿន វាសនា ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទ« ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមបញ្ញាតិ មាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅកម្ពុជា ក្នុងឆ្នាំ២០២១។

ជនជាប់ចោទត្រូវបានចាប់ និង ឃុំខ្លួន ដោយតុលាការ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២១។

គួររំលឹកថា នាពេលសវនាការ ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២ និង នៅព្រឹកថ្ងៃទី៣ ខែ កុម្ភៈ នេះ , ជនជាប់ចោទឈ្មោះ វឿន វាសនា ដែលមានវត្តមាន នៅក្នុងបន្ទប់សវនាការ, បានឆ្លើយបដិសេធយ៉ាងដាច់អហង្កា ចំពោះការចោទប្រកាន់រូបគាត់ខាងលើនេះ។

ឈ្មោះ វឿន វាសនា និយាយថា ខ្លួនមិនបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់រូបគាត់នោះទេ។

ឈ្មោះ វឿន វាសនា មិនទទួលស្គាល់ រូបថតរបស់គាត់ និង សម្លេង ដែលបាននិយាយ ដោយធ្វើការវិភាគផង ទាក់ទងទៅនឹងបញ្ហាជម្លោះ និង ការបែកបាក់ ផ្ទៃក្នុង នៃ គណបក្សប្រជាជនកម្ពុជា និង ការបែកគ្នា រវាង ក្រុម អ្នកគាំទ្រ ឬ ខ្សែខាង សម្តេច ហ៊ុន សែន និង សម្តេចស ខេង នៅកុ្នងឃ្លីបវិដេអូ ដែលបានចាក់បង្ហាញ នៅក្នុងបន្ទប់សវនាការ។

ឈ្មោះ វឿន វាសនា បាននិយាយថា រូប និង សម្លេង ដែលមាន នៅក្នងនៅកុ្នងឃ្លីបវិដេអូ និង ដែលជាភស្តុតាង ដើម្បីដាក់បន្ទុករូបគាត់នោះ ទោះបីមានភិនភាគ និង សម្លេង ប្រហាក់ប្រហែលនឹងរូប ឬ សម្លេងគាត់ ក្តី តែមិនជារូបគាត់នោះទេ។ វាជារូបភាព និង សម្លេងកាត់ត និង ក្លែងក្លាយ។

គាត់បានសំណូមពរដល់លោកស្រីចៅក្រម ដាវី សម្រេចទម្លាក់បទប្រកាន់ និង ដោះលែងគាត់ អោយមានសេរីភាពវិញ៕

ដោយ គា លីហ្សា

To Top