ព័ត៌មានជាតិ

ក្រសួងដែនដី ស្នើអភិបាលរាជធានី-ខេត្ត ទប់ស្កាត់ការសាងសង់ ឬរុះរើសំណង់គ្មានលិខិតអនុញ្ញាត

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើអភិបាលរាជធានី-ខេត្ត ជំរុញការតាមដានត្រួតពិនិត្យ ចាត់វិធានការទប់ស្កាត់ ការសាងសង់ ឬរុះរើសំណង់ ដែលគ្មានលិខិតអនុញ្ញាត ព្រមទាំងដាក់ទណ្ឌកម្ម ចំពោះជនប្រព្រឹត្ត អំពើល្មើសនឹងបទប្បញ្ញត្តិ ស្តីពីសំណង់។

យោងតាមលិខិតរបស់ ក្រសួងរៀបចំដែនដីនាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងមិនអនុញ្ញាត ឲ្យមានការដ្ឋានសំណង់ ចាប់ផ្តើមដំណើរការសាងសង់ ឬរុះរើដោយគ្មានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ដែលទទួលបាន ការយល់ព្រមពីអាជ្ញាធរមាន សមត្ថកិច្ចឡើយ។

ក្រសួងបន្ដថា សកម្មភាពទាំងនេះជាអំពើខុសច្បាប់ អាចបង្កឲ្យប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពី គម្លាតគុណភាព សន្តិសុខ សុវត្ថិភាពសំណង់ សណ្ដាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាព ការរស់នៅប្រកបដោយចីរភាព និងអាចបង្កឲ្យមានវិវាទ ។

ក្រសួងបញ្ជាក់ថា «ក្នុងន័យនេះ ក្រសួងស្នើ ឯកឧត្តម លោកជំទាវអភិបាល ជំរុញការតាមដានត្រួតពិនិត្យ ចាត់វិធានការទប់ស្កាត់ ការសាងសង់ ឬរុះរើសំណង់ ដែលគ្មានលិខិតអនុញ្ញាត និងចាត់ចែងដាក់ទណ្ឌកម្ម ចំពោះជនដែលប្រព្រឹត្តអំពើល្មើស នឹងបទប្បញ្ញត្តិស្តីពីសំណង់»៕

To Top