ព័ត៌មានជាតិ

លោក ឃួង ស្រេង ប្ដេជ្ញាបន្តធ្វើការងារ​ ឲ្យកាន់តែប្រសើរ បន្ថែមទៀត នៅឆ្នាំ២០២២

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្ដេជ្ញាបន្តធ្វើឲ្យការងារ រដ្ឋបាល រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២២នេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសលើការ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់មានសុវត្ថិភាព ការផ្ដល់សេវាសាធារណៈ ការគ្រប់គ្រងសំរាម កាន់តែល្អប្រសើរ ខណៈក្រុមហ៊ុន៣ កំពុងប្រកួតប្រជែងគ្នា លើការប្រមូលសំរាម ព្រមទាំងការដាក់ចេញវិធានការ ឲ្យបានម៉ត់ចត់បំផុត ទប់ស្កាត់ការរាលដាល ជំងឺកូវីដ-១៩ ដើម្បីបើកសេដ្ឋកិច្ចជាតិឡើងវិញ ។

ការប្ដេជ្ញាចិត្តបែបនេះ របស់លោក ឃួង ស្រេង ធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានី នាព្រឹកថ្ងៃទី០៣ ខែ មិនាឆ្នាំ២០២២។

ក្នុងសន្និបាតនោះ លោក ឃួង ស្រេង លើកឡើងពីសមិទ្ធផលសំខាន់នានា ដែលសម្រេចបាននៅឆ្នាំ២០២១ និងបានលើកពីបញ្ហាប្រឈមនានា ដើម្បីរកដំណោះស្រាយ ឲ្យកាន់តែល្អប្រសើរ ជាធាតុចូលដើម្បីយកទៅអនុវត្ត នៅក្នុងឆ្នាំ២០២២ ។

លោកឃួង ស្រេង បន្តថា ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ក៏ជាកិច្ចការដែលរដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែពង្រឹងឲ្យបានល្អប្រសើរបំផុត ខណៈកម្ពុជា គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន នៅពេលខាងមុខនេះ ។

អង្គសន្និបាត បានស្នើទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើវិសោធនកម្ម ការងារមួយចំនួន ធ្វើយ៉ាងណាជំរុញ ការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ កាន់តែល្អប្រសើរ ។ បញ្ហាសំណល់រឹង សំរាម គឺជាបញ្ហាមួយ ដែលអង្គសន្និបាត បានលើកឡើង និងរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ឲ្យរាជធានីភ្នំពេញ ទុកដាក់ការប្រមូលសំរាម កាន់តែល្អប្រសើរបន្ថែមទៀត ។ ការងារបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ជាបញ្ហាសំខាន់ ដែលអង្គសន្និបាត បានលើកឡើង ដោយធ្វើយ៉ាងណារួមគ្នា ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីមានឱកាស បើកសេដ្ឋកិច្ចប្រទេសឡើងវិញ សម្រាប់ឆ្នាំ២០២២នេះ ៕

To Top