ព័ត៌មានជាតិ

ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម ជំរុញឲ្យសហការី ខិតខំបម្រើសេវាមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះ ឲ្យកាន់តែប្រសើរថែមទៀត

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពង់ចាម បានមានប្រសាសន៍ ជំរុញឲ្យសហការី ខិតខំបម្រើសេវាមនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះ ឲ្យកាន់តែប្រសើរថែមទៀតក្នុងឆ្នាំ២០២២ ។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ដូច្នេះ នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ២០២២ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆ្នាំ ២០២១ និងពិនិត្យវឌ្ឍនភាពការងារ រយៈពេល ៣ខែដើមឆ្នាំ ២០២២ និងទិសដៅសម្រាប់អនុវត្តបន្ត។

ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការអោយគណៈ កម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ឆ្នាំ ២០២១ ក៏ដូចជា ១ត្រីមាស ដើមឆ្នាំ២០២២ នេះ ទោះបីត្រូវប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ យ៉ាងណាក្តី ក៏សាខាបានពុះពារធ្វើសកម្មភាព រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេសការលើកកំពស់សកម្មភាពការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខា ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា ” ។

លោក អ៊ុន ចាន់ដា បានយកឱកាសនោះណែនាំអំពីការងារមួយចំនួន សម្រាប់ឲ្យសហការីអនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ ធ្វើអោយការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាងមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋានឲ្យកាន់តែរឹងមាំ ដើម្បីចូលរួមកសាងភាពធន់ នឹងភាពរីកចម្រើននៅសហគមន៍ បន្តសហការក្នុងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រួមជាមួយ ការបន្តទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ តាមរយ: វិធានការ ” ៣ការពារ ៣កុំ ” ជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូលចំណាយ ការទូទាត់អោយមាន តម្លាភាព និងគណនេយ្យភាព ។

លោក អ៊ុន ចាន់ដា ក៏បានធ្វើការអំពាវនាវ ដល់សប្បុរសជន ក្នុងវិស័យរដ្ឋ វិស័យឯកជន ទាំងក្នុង និងក្រៅខេត្ត សូមមេត្តាជួយឧបត្ថម្ភគាំទ្រដល់សាខា ដោយសទ្ធាជ្រះថ្លា ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ដើម្បីសាខា បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា និង បន្តភាពធន់របស់សហគមន៍ ក្នុងទូទាំងខេត្ត កំពង់ចាម៕

To Top